កម្ពុជា នឹងដង្ហែទង់ស៊ីហ្គេម តាមមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ល្ងាចថ្ងៃទី២៤នេះ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាទទួលបានទង់ស៊ីហ្គេម (Sea Game) ជាផ្លូវការហើយ ដើម្បីធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ហើយ​គ្រោង​​​នឹង​រៀប​ចំ​ពិធី​ដង្ហែ​ទង់​ស៊ីហ្គេម​​នេះ​ ពី​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាម​មហាវិថី​សំខាន់ៗ​មួយ​ចំនួន​ ក្នុង​រាជធានីភ្នំពេញ ​​នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​ទំព័រហ្វេកប៊ុក​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​បាន​ឱ្យ​ដឹង​ថា កម្ពុជាបានទទួលទង់ជ័យរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម» ជាផ្លូវការ​ហើយ ដើម្បីនាំយកមករាជធានីភ្នំពេញ និងរៀបចំពិធីដង្ហែ នាល្ងាចថ្ងៃទី២៤ ខែឧសភា សម្រាប់ត្រៀមខ្លួន​ធ្វើ​ម្ចាស់​ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ ។

ពិធីប្រគល់-ទទួលទង់ស៊ីហ្គេមនេះ បានធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ។

ក្រោយទទួលបានទង់ស៊ីហ្គេមហើយ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ CAMSOC និង NOCC នឹងរៀបចំពិធីដង្ហែទង់ស៊ីហ្គេមនេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅវិមានឯករាជ្យ ហើយបន្ដដង្ហែទៅបញ្ចប់នៅទីស្នាក់ការ NOCC ដែលសបញ្ជាក់ថា ស៊ីហ្គេមបានទៅដល់កម្ពុជា ដើម្បីរួមចំណែកឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ទាំងអស់គ្នា៕