រដ្ឋាភិបាល​ សម្រេចទិញវ៉ាក់​សាំងកូវីដ​-១៩ ដែលវេច​ខ្ចប់​ក្នុងប្រទេស​ជាង១០០​លានដូស​បន្ថែមទៀត សម្រាប់​តម្រូវ​ការ​​ពីឆ្នាំ២០២៤ដល់២០២៦

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសារសំលេងពិសេស កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា​ រដ្ឋាភិបាល​បាន​​សម្រេចចុះ​​ហត្ថ​លេខាទិញវ៉ាក់​សាំងកូវីដ-១៩ ជាង១០០លានដូសបន្ថែមទៀត ដែល​វេច​ខ្ចប់នៅកម្ពុជា ដើម្បី​ប្រើប្រាស់​បម្រុង​ទុករយៈពេលវែង គឺពីឆ្នាំ២០២៤-២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា​ មកទល់ពេលនេះ អាចសន្និដ្ឋានកាន់​​តែ​ច្បាស់​​​ថែម​​​ទៀត​អំពីប្រ​សិទ្ធ​​​ភាព​វ៉ាក់សាំងកូវីដ-១៩ ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការរុញ​ច្រាន​​ឲ្យកម្ពុជា​ដើរមកដល់ចំណុចនេះ គឺករណីឆ្លងថ្មី និង​ករណីស្លាប់ថ្មីដោយកូវីដ-១៩ មាន​អត្រា​កម្រិត​សូន្យរយៈ​ពេល​ជាច្រើនថ្ងៃជាប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ជាថ្មីថា មិនយកលុយថ្លៃចាក់វ៉ាក់សាំងកូវីដ-១៩ ឡើយ​ ទោះបីជា​ត្រូវចាក់ដល់ដូស​ទី​១០ ឬទីប៉ុន្មានក៏ដោយ។ ហើយនេះជាសមាន​ចិត្តរបស់​រាជរដ្ឋាភិបាល​មានចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប និងដើម្បីធានា​ប្រា​កដថា ប្រជាពលរដ្ឋ ទាំង​អស់​មានសុវត្ថិភាពពីការឆ្លងរីករាលដាល និងករណីស្លាប់ ដោយជំងឺកូវីដ-១៩តទៅទៀត។

គួរបញ្ជាក់ថា សាធារណរដ្ឋប្រជាមានិតចិន បានអនុញ្ញាតឱ្យមានការវេចខ្ចប់វ៉ាក់សាំង​បង្ការ​វីរុសកូវីដ-១៩ ប្រភេទ​​ស៊ីណូ​វ៉ាក់ នៅប្រទេសកម្ពុជា ដោយអនុលោមទៅតាមនិយាម​របស់​សាធារណរដ្ឋប្រជាមានិតចិន។ ពិធីចុះហត្ថលេខា​​លើ​អនុស្សរ​ណៈនៃការយោគយល់គ្នា ស្តីពីកិ​ច្ច​សហប្រតិបតិ្តការបង្កើតរោងចក្រ និងវេចខ្ចប់វ៉ាក់​សាំងបង្ការវីរុសកូវីដ-១៩ បានធ្វើឡើង​កាល​ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង​សុខាភិបាលកម្ពុជា ៕