អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់សម្រេចបានជាង៣0ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

តាមការគ្រោងទុកការសាងសង់​ព្រលានសម្រាប់ចុះចត​យន្ត​ហោះខ្នាត​យក្ស 4F នឹងបញ្ចប់ការសាងសង់នៅ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវ​នៅ​ដើម​ឆ្នាំដើម២០២៥ ​ខណៈបច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាលនេះ សម្រេចការសាងសង់​បានជាង ៣៣ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងដំណើរអញ្ជើញទស្សនាគម្រោងសាងសង់អា​កាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល រួមជាមួយអ្នកវិនិយោគជាច្រើនរូប នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ៅ ហាវណ្ណាល់ បានបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាលបានចាប់ផ្តើម​ដំណើរ​កសាងសង់នៅតាំងថ្ងៃទី៧ ​ខែមករា ឆ្នាំ២០២០ ​ហើយក្នុងរយៈពេលជាង២ឆ្នាំនេះ បើទោះ​ជា​កម្ពុជា ជួប​វិបត្តិកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការការសាងសង់ព្រលាន​យន្តហោះ​អន្តរជាតិ​មួយនេះ ​នៅតែបន្តដំណើរការការសាងសង់យ៉ាងសកម្មភាព នៅលើប្លង់ព្រលានយន្តហោះលំដាប់​ផ្កាយប្រាំ និងមានរចនាបថទំនើបរបស់អន្តរជាតិ ដែលបច្ចុប្បន្នសាងសង់បានប្រមាណជាង៣៣ភាគរយ។

លោក ម៉ៅ ហាវណ្ណាល់ បន្តទៀតថា ជារួមនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ​ដឹកអ្នកដំណើរអន្តរជាតិ ​ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត​នៅរាជធានីភ្នំពេញនេះ ​ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។

ជាមួយគ្នានេះ លោក ឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន ​Cambodia Airport Investment (CAIC) បានថ្លែងថា ​អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល បច្ចុប្បន្នបាននឹងកំពុង​សាងសង់​នៅលើទំហំប្រមាណ ២៦០០ហិកតា ​នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល​ជាប់ខេត្តតាកែវ និងមានចំងាយពីប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ ។

លោក ឆារស៍ វ៉ាន់ បន្តថា ការសាងសង់មាន៣ដំណាក់កាល ​ក្នុងនោះដំណាក់កាលដំបូង ក្រុមហ៊ុន​បាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គ.ម សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមាន​សមត្ថភាព​ទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ​ នៅឆ្នាំ២០៣០ ហើយដំណាក់​កាលទី២​ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣​ បន្តពង្រីកសាងសង់​ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិ​អោយបាន ៤៥លាននាក់​ក្នុង១ឆ្នាំ ​នៅឆ្នាំ២០៥០តទៅ។

លោក បន្តថា នៅក្នុងដំណាក់ដំបូងនេះ ក្រុមហ៊ុនCAIC បាននឹងកំពុងដំណើរការសាងសង់​បាន​ប្រមាណ ៣៣% ដោយបានចំណាយថវិកា​អស់ប្រមាណ ៤៦១លានដុល្លាអាមេរិច ។

គួរបញ្ជាក់ថា CAIC​ គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាង​ដោយ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ ​រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន​CAIC ក្នុងការកាន់កាប់ ​រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការ​គម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល៕