វេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ រួមចំណែកអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ច GMS ឆ្នាំ២០៣០

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២  បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី២៥ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ (STF-25)  នៅខេត្តសៀមរាប។តាមរយៈវេទិកានេះ នឹងអាចចូលរួមចំណែកក្នុងការអនុវត្តបញ្ហាអាទិភាព និងគំនិតផ្តួចផ្តើមក្រោមក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ (STF-25) បានធ្វើឡើងក្រោមប្រធានបទ៖ “ការចាត់វិធានការលើ យុទ្ធសាស្ត្រGMS ២០៣០ និងផែនការកូវីដ-១៩ ជាមួយនឹងគំនិតកំពុងលេចធ្លោ” ដោយមានការចូលរួម ពីដៃគូអភិវឌ្ឍន៍សរុបចំនួន១២៨នាក់ មកពីបណ្ដាប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងខេត្តយូណាន ប្រទេសចិន)រួមតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាលកម្ពុជាជាច្រើនទៀត។

ឯកឧត្តមបន្តថា កិច្ចប្រជុំSTF-25នៅឆ្នាំ២០២២នេះ មានគោលបំណងដើម្បីរាយការណ៍ និងផ្លាស់ប្តូរគំនិតអំពីរបៀបដែលវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ(STF) អាចចូលរួមចំណែកក្នុងការអនុវត្តបញ្ហាអាទិភាព និងគំនិតផ្តួចផ្តើមក្រោមក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ (GMS-2030) និងផែនការស្តារ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩របស់GMS។

ជាងនេះវេទិការនេះ ក៏បានធ្វើបច្ចុប្បន្នភាព និង/ឬអនុម័ត លើប្រធានបទធំ៤រួមមាន៖ (i) សុវត្ថិភាពចរាចរណ៍នៅក្នុងGMS (ii) សមាគមផ្លូវដែក មហាតំបន់មេគង្គ(GMRA) និងការអភិវឌ្ឍផ្លូវដែកGMS (iii) សមាគមដឹកជញ្ជូនទំនិញGMS (FRETA) និងការកែលម្អវិស័យភស្តុភារកម្មនៅក្នុងGMS និង(iv)ការប្រមូលផលដំបូងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់GMS (Early Harvest GMS CBTA)។

គួរបញ្ជាក់ដែរថា តាមរយៈវេទិការខាងលើបានឲ្យដឹងថា ការដឹកជញ្ជូននៅតែបន្តជាវិស័យដ៏ធំជាងគេ ក្នុងនោះមានអត្រាវិនិយោគរហូតដល់៨៥% នៃក្របខ័ណ្ឌវិនិយោគក្នុងតំបន់GMS គិតត្រឹមឆ្នាំ២០២២ ដែលតួរលេខនេះស្មើនឹង៧៨គម្រោង ដែលមានទុនវិនិយោគ សរុប៦៥,៨ ពាន់លានដុល្លារ។ ផលប័ត្រវិនិយោគផ្នែកដឹកជញ្ជូនបច្ចុប្បន្ននៅក្នុងកម្មវិធីGMS នៅតែបន្ត មានថាមពលជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដែលកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន។

ដោយឡែក GMS គឺសំដៅដល់បណ្តាប្រទេសដែលមានទន្លេមេគង្គហូរកាត់រួមមាន៖ កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ។ GMS បង្កើតឡើងដើម្បីអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍទីក្រុង និងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន៕

យ៉ាងណា នៅក្នុងវេទិការខាងលើ ក៏បានពិភាក្សា និងយល់ព្រមលើគំនិតផ្តួចផ្តើម និងសកម្មភាពជាក់លាក់ ដើម្បីដាក់គោលដៅមួយ ចំនួនទៅក្នុងការអនុវត្ត។ ក្នុងន័យនេះ វាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការផ្តោតលើការស្វែងរកមធ្យោបាយជាក់ស្តែងដើម្បីអនុវត្តកម្មវិធីGMS-២០៣០៕