កម្ពុជា សម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប​និង អង្ករ​ដំណើប​នៃ​ពូជស្រូវ​ដំណើបស្បៃមង្គល

សង្គម​និង​សេដ្ឋកិច្ច

ម៉ាកសមូហភាពអង្ករសែនក្រអូប “SKO” និងអង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK” ត្រូវបានដាក់សម្ពោធ​ជាផ្លូវ​ការ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែល​បាន​ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមា​ជិក​-សមា​ជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រហូត​​សម្រេចបានការចុះបញ្ជីម៉ាក​សមូហភាពអង្ករទាំងពីរនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្ម បន្ថែមលើម៉ាកអង្ករក្រអូប​ប្រណិត​ដែលបានចុះបញ្ជីរួចមកហើយ ដែលម៉ាកសមូហភាពទាំងពីរនេះបានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជានៅគ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិត​​ផលនៅ​ទីផ្សារ។

លោក ប៉ាន សូរស័ក្តិ បានបន្តថា លើសពីនេះ ក្រសួងបានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ ក្នុងការ​ជួយគាំទ្រដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ការ​បង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេស ជាដើម។

លោករដ្ឋមន្ត្រី បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយ​បានខិត​ខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហ​គមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ។

សូមជម្រាបថា ក្នុងពិធីដាក់សម្ពោធជាផ្លូវការនេះលោករដ្ឋមន្ត្រី បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីម៉ាកសមូហ​​ភាពអង្ករ​សែន​ក្រអូប “SKO” អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK” ជូនឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ​អង្ករកម្ពុជា និងប្រគល់លិខិតថ្លែងអំណរគុណដល់អង្គការដៃគូអភិវឌ្ឍន៍ ដែលមានស្នាដៃក្នុងការចូលរួម​អភិវឌ្ឍន៍​វិស័យ​អង្ករកម្ពុជា ព្រមទាំងប្រកាសបើកវេទិកាពិភាក្សា ស្តីពី “ការពង្រឹងខ្សែច្រវាក់តម្លៃស្រូវអង្ករ និងការលើក​កម្ពសស់​ជីវភាពកសិករខ្នាតតូច”។

គួបញ្ជាក់ថា​ ផ្អែកតាមទិន្នន័យដែលទទួលបាន សម្រាប់ ០៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា សម្រេចបាន​​ប្រមា​ណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះអង្ករ​ក្រអូបប្រភេទសែន​​ក្រអូប​មាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។