រដ្ឋសម្រេចកាត់ផ្ទៃដីតំបន់ការពារធម្មជាតិទំហំ ៦០០០ហិកតា នៅខេត្តមណ្ឌលគិរី ជូនប្រជាពលរដ្ឋក្រីក្រ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា ​​បាន​សម្រេច​កាត់ផ្ទៃដី​​ចេញ​ពី​របៀង​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ទំហំ ៦០០០ហិកតា នៅខេត្តមណ្ឌលគិរី ដោយ​ធ្វើ​អនុបយោគ (កែប្រភេទដី) ពី​ដី​សាធារណៈ​របស់​រដ្ឋ មក​ជា​ដី​ឯកជន​​របស់​​រដ្ឋ​វិញ ​​សម្រាប់​អនុវត្ត​កម្មវិធី​សម្បទានដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​ពិត​ប្រាកដ ​ស្ថិត​នៅ​​ភូមិ​រវាក់ និង​ភូមិ​មេមុំ ឃុំ​រយ៉ និង​ភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះញែក ខេត្តមណ្ឌលគិរី។ នេះ​បើ​តាម​អនុក្រឹត្យ ចុះ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​លិខិត​លេខ ១៥៨/២២ LASED III ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២២ របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ទីតាំងដី​សម្រាប់​គោលដៅ​សម្បទាន​ដី​សង្គមកិច្ច​​​​ខាង​លើ ដែល​​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ចំណុច​ប្រសព្វ​នៃ​ ភូមិ​រវ៉ាក់ និង​ភូមិ​មេមុំ ​ឃុំ​រយ៉ និង​ភូមិ​ស្រែធំ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក​ គឺជា​ដី​តំបន់​វាលទំនាប មាន​ជីជាតិ និង​មាន​ប្រភព​ទឹក (ភាគ​ច្រើន​​ជា​អូរ​ធម្មជាតិ) អាច​បង្ក​បង្កើន​ផល​​បាន​ល្អ។ ទីតាំង​ដី​​នេះ ពីមុន​​ជា​ដី​សាធារណៈ​​របស់​រដ្ឋ ស្ថិត​ក្នុង​របៀង​ជីវៈចម្រុះ​​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ ស្ថិត​ក្រោម​អាណត្តិ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។

​សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២២ ​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​​បាន​អនុញ្ញាត​ជា​គោលការណ៍​ហើយ ដើម្បី​​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់ខេត្ត ចាប់​ផ្តើម​ធ្វើ​អត្ត​សញ្ញាណដី ផែនទី ចំណាត់ថ្នាក់ដីរដ្ឋ និង​ចុះ​បញ្ជី​ជា​ដី​ឯកជន​របស់​រដ្ឋ​នៅ​ទីតាំង​​ខាង​លើ​នេះ និង​បន្ត​សកម្មភាព​ផ្សេងៗ​​ទៀត នៃ​ដំណើរការ​រៀបចំ​ផែនការ​សម្បទាន​ដី​សង្គមកិច្ច ជូន​គ្រួសារ​ក្រីក្រ​​​​នៃ​មុខ​សញ្ញា​អ្នក​ទទួល​ដី៕