រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជាមាន១៣១សហគមន៍ អាច​បង្កើត​ជា​សហគមន៍​ទេសចរណ៍ធម្មជាតិបាន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានមាន ១៣១ សហ​គមន៍​មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងពីធីផ្សព្វផ្សាយសមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍​វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគីរី (២០២១-២០៣៥) កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារពេជ្រតា ទីរួមខេត្តមណ្ឌលគីរី។

ថ្លែងក្នុងពិធីនោះ លោក វេង សាខុន បានបង្ហាញបន្តកិច្ចសហការ ជាមួយគ្រប់ដៃគូ ដើម្បីការវិនិយោគវិស័យកសិកម្ម ទេស​ចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ស្របតាមចក្ខុវិស័យរបស់​រាជរដ្ឋាភិបាលដែល​បាន​ចាត់​ទុកវិស័យកសិកម្មជាវិស័យអាទិភាព ហើយវិស័យទេសចរណ៍គឺជាមាសបៃតង។

លោក បន្តថា ជាក់ស្តែង បច្ចុប្បន្នយើងមាន ១៣១ សហគមន៍មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍​ធម្មជាតិ​បាន ក្នុងចំណោមសហគមន៍ ៥១៦ ដែលយើងមាន ក្នុងនោះ ២៧សហគមន៍ បាននិងកំពុងដំណើរ ការទេស​ចរណ៍​​ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាប។

ដោយឡែក លោក បញ្ជាក់ទៀតថា យើងបានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន ៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រង​ចំនួន ១០៣ សហគមន៍ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវា ដែលអាចអភិវឌ្ឍទៅជាគោលដៅ​ទេស​ចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។

គួរបញ្ជាក់ដែរថា នាពេលអនាគត កម្ពុជារំពឹងថា សហគមន៍កសិកម្មមួយចំនួនអាច នឹងបង្កើតមុខរបរថ្មីមួយដែលហៅថា “កសិ-ទេសចរណ៍” សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋានរបស់ប្រជា​​កសិករ​ជាសមាជិកសហគមន៍កសិកម្មផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕