សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាលម្នាក់ ទទួលបានការតែងតាំងជា «អភិបាលរង» ស្រុកកៀនស្វាយ

សង្គម​និង​សេដ្ឋកិច្ច

សិស្សមន្ត្រីជាន់ខ្ពស់ របស់​សាលាភូមិន្ទរដ្ឋបាល​ម្នាក់​ឈ្មោះ សន ហុងសេង ​​​​បាន​ទទួល​ការ​តែង​តាំង​ជា​អភិបាលរង នៃ​គណៈអភិបាល​​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល។ ​នេះ​បើ​​យោង​តាម​ប្រកាស​​តែងតាំង​ ចុះ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ ដែល​ចុះ​​​ហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងខ្លឹមសារ​នៃ​ប្រកាស​ខាង​លើ ​​បាន​សម្រេច​តែង​តាំង​លោក សន ហុងសេង ​​ឋានន្តរស័ក្តិ​អនុមន្ត្រី ថ្នាក់​លេខ​១ ឱ្យ​កាន់​តំណែង​ជា​អភិបាល​រង នៃ​គណៈអភិបាល​​​ស្រុក​កៀនស្វាយ។ មុន​ទទួល​បាន​​ការ​តែងតាំង​នេះ ​​លោក សន ហុងសេង ​​គឺជា​មន្ត្រី​ម្នាក់​បម្រើ​ការ​នៅ​​សាលាខេត្ត​កណ្តាល ​​បន្ទាប់ពី​​​​រៀន​ចប់​វគ្គ​សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ជំនាន់​ទី​១០ ​​​​ពី​សាលាភូមិន្ទរដ្ឋបាល​ កាល​​ដើម​ឆ្នាំ​២០២០។

សម្រាប់​ប្រវត្តិសិក្សា​ ​​យុវជន​វ័យ​២៧​ឆ្នាំ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ បាន​បញ្ចប់​បរិញ្ញាបត្រ​​ពីរ​គឺ បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​ មក​ពី​សាកលវិទ្យាល័យវេស្ទើន កាល​ឆ្នាំ​២០១៧ និង​បរិញ្ញាបត្រ​​​ជំនាញ​រដ្ឋបាលសាធារណៈ ​ព្រម​ទាំង​អនុបណ្ឌិត​ជំនាញ​​រដ្ឋបាលសាធារណៈ នៅ​សាកល​វិទ្យាល័យ​​ភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ឆ្នាំ​២០២០។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល (ឆ្វេង) និងលោក សន ហុងសេង (ស្តាំ)

រីឯ​ដំណើរ​ឈាន​​ចូល​អាជីព​ជា​អ្នក​រាជការ ​​​​លោក សន ហុងសេង ​​បាន​ប្រឡង​ជាប់​ជា​ «សិស្ស​មន្ត្រី​ក្រមការ​ជំនាន់​ទី​៧» កាល​​ឆ្នាំ​២០១៧ ​​និង​បន្ត​ប្រឡង​ជាប់​វគ្គ​ «សិស្ស​មន្ត្រី​ជាន់​ខ្ពស់​ជំនាន់​ទី១០» ជំនាញ​រដ្ឋបាល​សាធារណៈ ​​​​ដែល​តម្រូវ​​ឱ្យ​បន្ត​​សិក្សា​រយៈពេល​២​ឆ្នាំ​ទៀត នៅ​សាលាភូមិន្ទរដ្ឋបាល ចន្លោះ​ឆ្នាំ​២០១៨-២០២០។ ក្រោយ​​សិក្សា​ចប់​២​ឆ្នាំ ជាមួយ​នឹងលទ្ធផល​ល្អ​ឥតខ្ចោះ (​ចំណាត់ថ្នាក់​​លេខ​១ ប្រចាំជំនាញ) ​​​​លោក​ ហុង សេង ក៏​មាន​ឱកាស​ចាប់​ប៉ុស្តិ៍​​ចូល​បម្រើការងារ​នៅ​ក្រសួង​មហាផ្ទៃ និង​សម្រេច​ជ្រើសរើស​ទៅ​បម្រើ​ការងារ​​នៅ​​​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ នៃ​រដ្ឋបាលខេត្តកណ្តាល៕​