ក្រសួង កំណត់ឱ្យរថយន្តឯកជនគ្រប់ប្រភេទ ត្រូវមានធានារ៉ាប់រង ចាប់ពីឆ្នាំ២០២២នេះតទៅ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា គ្រោង​នឹង​កំណត់​ឱ្យ​រថយន្ត​ឯកជន​គ្រប់​ប្រភេទ​ទាំង​អស់ ត្រូវ​តែ​មាន​ការ​ធានារ៉ាប់រង​​​​ជា​កាតព្វកិច្ច ដែល​អាច​នឹង​អនុវត្ត​ជា​ផ្លូវការ​ ចាប់ពី​ឆ្នាំ​២០២២​នេះ​តទៅ​តែ​ម្តង។ នេះ​បើ​តាម​ប្រសាសន៍​របស់​ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា​អាជ្ញាធរ​សេវាហិរញ្ញវត្ថុមិនមែនធនាគារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម រស់ សីលវ៉ា បាន​ថ្លែង​ក្នុង​ឱកាស​ចូល​រួម​ក្នុង​ទិវា​ធានារ៉ាប់រង កាល​ពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២​ ថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់នូវការធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ដែលជាការ​ទទួលខុសត្រូវរបស់ប្រតិបត្តិករធានារ៉ាប់រង និងម្ចាស់យានយន្តចំពោះសង្គមជាតិ តាមរយៈការធានារ៉ាប់រង​ដល់ជនរងគ្រោះ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជា និង​ក្នុងគោលបំណង​លើកកម្ពស់វិស័យធានារ៉ាប់រងឱ្យមានការរីកចម្រើនថែមទៀត។

ការកំណត់ជាកាតព្វកិច្ចនេះ នឹងជួយឱ្យជនរងគ្រោះទទួលបានសំណងសមស្របណាមួយ សម្រាប់ការ​ព្យាបាល និងដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍​នៅតាម​ដងផ្លូវ។ គម្រោងអាចនឹងដំណើរការក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បាននិង​កំពុងបន្តរីកចម្រើនយ៉ាងឆាប់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ឯកឧត្តម បាន​​បញ្ជាក់​បន្ថែម។

ចំណែក​ឯ​លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា គាំទ្រចំពោះគ្រោងការ​ដាក់ឱ្យដំណើរការ​ប្រព័ន្ធ​ធានារ៉ាប់រងយានយន្តឯកជនជាកាតព្វកិច្ច ខណៈបច្ចុប្បន្នបានអនុវត្តជាអន្លើរ​តែទៅលើយានយន្ត​នៃក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកទំនិញប៉ុណ្ណោះ។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា​ក្នុងពេល​បច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងសរុប៣៩ ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន១៨ ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ ព្រមទាំងមានក្រុមហ៊ុន​ធានារ៉ាប់​រង​បន្ត​ចំនួន១។

សូមបញ្ជាក់ថា បុព្វលាភដុលសរុប នៃទីផ្សារធានារ៉ាប់រងរបស់កម្ពុជា បានកើនឡើងដល់ប្រមាណ ៣០០​លាន​ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ និងមានកំណើនប្រមាណ ២០ភាគរយ ជាមធ្យម ក្នុងរយៈពេល៥ឆ្នាំចុង​ក្រោយ​នេះ។ បើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា៕