ឆ្នាំ២០២២ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រកលុយបានជិត ១ ៤០០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានជិត ១ ៤០០ លានដុល្លារអាមេរិក នឹងបង្កើតឱកាសការងារជិត ៣០ ០០០កន្លែង បើទោះបីតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ខំប្រឹងរើបម្រាសពីវិបត្តិកូវីដ១៩ ដើម្បីធានាបាននូវសង្វាក់ផលិតកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមី ហ្សីន បានបញ្ជាក់ប្រាប់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ កក្កដានេះ។

លោក ឈិន ចៀនកាង បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និងអាស៊ីអាគ្នេយ៍សរុបចំនួន១៧០ ហើយបានបង្កើតឱកាសការងារជិត ៣០ ០០០កន្លែង។ សម្រាប់ខែមករា ដល់ខែមិថុនាឆ្នាំ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន១ ៣៧៤ លានដុល្លារអាមេរិក បានកើនឡើង៣៨,២៣%បើប្រៀបធៀបនឹងឆ្នាំមុន។ ភាពរីកចម្រើនទាំងនេះ ក៏មានការគាំទ្រ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះអ្នកវិនិយោគដែលបានមកធ្វើការបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង៣០០លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងការងារលោក អ៉ិត សំហេង បានរំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។

ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានខិតខំរក្សាការវិនិយោគ ថែមទាំងបានពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត បើទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំនេះយ៉ាងនេះក្តី។

លោកបន្ថែមទៀតថា ការរក្សាបាននូវភាពរឹងមាំនៃការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាការបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន។ ក៏ជាផ្នែកមួយនៃគម្រោងខ្សែច្រវ៉ាក់ និងផ្លូវ បានផ្តល់កំណើនសេដ្ឋកិច្ចយ៉ាងច្រើនដល់កម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿន ក៏ស្នូរនៃការអភិវឌ្ឍដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យបានឆាប់រហ័សផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ ដើម្បីរៀបចំឲ្យមានការបណ្តុះបណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុនផងដែរ៕