មេដឹកនាំវ័យក្មេងបង្អស់ក្នុងតំបន់អាស៊ាន ឯកឧត្តម ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយលើឆាកអន្តរជាតិនាសប្តាហ៍ក្រោយ

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃចន្ទ ទី៤ កញ្ញា សប្តាហ៍ក្រោយនេះ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ាន បូកនិងជំនួបកំពូលអាស៊ីបូព៌ា។ សម្រាប់កម្ពុជា ដែលជាសមាជិករបស់​អាស៊ានតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ជំនួបកំពូលទាំងអស់នេះជាបន្តុំ​ព្រឹត្តិការណ៍តំបន់ សំខាន់ជាងគេបង្អស់ប្រចាំ នាំ។ បើតាមការឲ្យដឹងពីលោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅព្រឹកថ្ងៃសៅរ៍ទី២ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជាវិញទាំងនេះ គឺជាឱកាស​មួយពោរពេញទៅដោយនិមិត្តរូប​នយោបាយ។ ម្យ៉ាងពីព្រោះជាលើកទី​មួយ​បង្អស់ហើយ ដែលឯកឧត្តមបណ្ឌិត, ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី នៃ​ប្រទេសកម្ពុជាតាំងពីថ្ងៃទី២២ សីហា មកម្ល៉េះ, នឹងបង្ហាញមុខជាផ្លូវ​ការលើឆាកអន្តរជាតិ។ ម្យ៉ាងទៀត ពីព្រោះនៅថ្ងៃទី៥ កញ្ញា ខាងមុខនេះ នៅទីក្រុងចាកាតា ឯកឧត្តមបណ្ឌិតនឹងមានឈ្មោះជាមេដឹកនាំ​កំពូល​ក្មេងជាងគេបង្អស់ក្នុងចំណោម​មេ​ដឹក​នាំកំពូលបច្ចុប្បន្នទាំង១០ រូប របស់ អាស៊ាន។ ម្យ៉ាងចុងក្រោយពីព្រោះពីថ្ងៃទី៥ ដល់ថ្ងៃទី ៧ កញ្ញាក្នុងរយៈ​ពេលតែ២ថ្ងៃប៉ុណ្ណោះ នៅទីក្រុងចាកាតា​ដដែល, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងឃើញ, នឹងចាប់ដៃ, នឹងជួបជាផ្លូវការ ឬក្រៅផ្លូវការ, ប្រមុខ​រដ្ឋ ឬប្រមុខរដ្ឋាភិបាល ឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់ ចំនួន១៧ នាក់ យ៉ាងតិច​ដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េ ខាង ត្បូង, ឥណ្ឌា, អាមេរិក, រុស្ស៊ី, អូស្ត្រាលី, និងនូវែលសេឡង់។

បើតាមលោក ហ្សង់-ហ្វ្រង់ស័រ តាន់ ប្រជាជាតិកម្ពុជាទាំងមូលគួរតែនិងត្រូវតែមានមោទនភាព ពីព្រោះ​ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់​ហើយ ទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បី​ការពារឧត្តមប្រយោជន៍ជាតិយើង​នៅចំពោះមុខសមាជិកអាស៊ាន៩ ដទៃ​ផ្សេងទៀតនិង​ដើម្បី​ការពារផល​ប្រយោជន៍រួមរបស់អាស៊ាន នៅ​ចំពោះ​មុខ​បណ្តាប្រទេសដៃគូ​សន្ទនារបស់ អាស៊ាន។ បញ្ហាតំបន់​និងបញ្ហា អន្តរជាតិ ដែល​ប្រមុខ​រាជរដ្ឋាភិបាលវ័យក្មេងរបស់​យើង ត្រូវ​ចូលរួម​ដោះស្រាយមានច្រើនណាស់ ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃ នៅមីយ៉ាន់ម៉ា, ការប្រជែង ឥទ្ធិពលគ្នា​​រវាង​កំពូល​មហាអំណាចពិភពលោក និងរវាង​មហាអំណាចតំបន់នៅក្នុងលំហ នៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជា​ពិសេស វិបត្តិសេដ្ឋកិច្ចសកល ដែលបាននិងកំពុង​បន្តជះផល អវិជ្ជមាន​មកលើជាតិមាតុភូមិយើង។

លើសពីនេះទៅទៀត ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត មាន​សមត្ថភាព​ហួសពីគ្រប់គ្រាន់ និង​មាន​ឆន្ទៈ មោះមុតខ្លាំងណាស់ ដើម្បីលើកតម្កើង​មុខមាត់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ម្ល៉ោះហើយប្រជាជាតិកម្ពុជាទាំងមូល គួរតែនិង​ត្រូវតែរួបរួមគ្នា​ជាធ្លុង​មួយនៅ​ពីក្រោយមេដឹក​នាំប្រកបដោយថាមពល របស់យើងរូប នេះ​ដែលអាស៊ាន និង​ពិភពលោក​នឹងសម្លឹងមើល ហើយវាយ​តម្លៃ នៅទីក្រុងចាកាតា ប្រទេស​ឥណ្ឌូណេស៊ី សប្តាហ៍ក្រោយនេះ៕