បុណ្យទន្លេខេត្តកំពង់ធំ មានផលិតផលខ្មែរជាង ៥០០មុខដាក់បង្ហាញលក់

សង្គម​និង​សេដ្ឋកិច្ច

ផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញផ្សព្វផ្សាយ និងដាក់លក់ ក្នុងឱកាសបុណ្យលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣។ការរៀបចំពិព័រណ៍ផលិតផលនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយផលិតផលក្នុងស្រុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារនិងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ ដែលមានស្ដង់សរុបចំនួន៣០០ស្តង់។

លោកថា «ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍»។

លោក សួង​ ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានឱ្យដឹងថា គណៈកម្មាធិការជាតិ រួមជាមួយសហគមន៍បានដឹកនាំសមាជិករបស់ខ្លួនដែលជាសិប្បករ អាជីវករ កសិករ ក្រុមហ៊ុន វេជ្ជបណ្ឌិតស្រាវជ្រាវផ្នែកឱសថ នាំផលិតផលដែលខ្លួនផលិតបានមកដាក់លក់ តាំងបង្ហាញ និងផ្សព្វផ្សាយនៅតាមស្ដង់ផលិតផលជាច្រើន។

លោកបន្តថា ផលិតផលដល់ទៅជាង៥០០មុខ នាឱកាសពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ ដែលសុទ្ធតែជាផលិតផលស្នាដៃកូនខ្មែរ អាជីវករ សិប្បករ កសិករ ប្រជាជនខ្មែរទាំងអស់ ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេងស្លឹកគ្រៃ ប្រេងរឹតធ្វើពីស្លឹកម្លូ ក្រណាត់សូត្រ ក្រណាត់ហូល ក្រមា កាបូប ម្សៅចេក ផលិតផលដែលបានពីត្នោត ផលិតផលដែលបានពីកាកាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់ស្បែក គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ដំណាំកសិកម្ម វត្ថុអនុស្សាវរីយ៍ វត្ថុលម្អសោភ័ណភាពជាដើម។

បើតាមលោក សួង ណយ ផ្លែដូង ឬដូងក្រអូប ដែលសហគមន៍បានប្រមូលយកពីសមាជិកដែលជាកសិករនៅទូទាំងប្រទេស ដើម្បីយកមកលក់ក្នុងឱកាសបុណ្យទន្លេ ឬបុណ្យសមុទ្រមុនៗ ក្នុងមួយថ្ងៃអាចលក់បានដល់ទៅជាង១០,០០០ផ្លែ ហើយក្នុង១ផ្លែតម្លៃ៤,០០០រៀល ៣ផ្លែចុះនៅសល់១០,០០០រៀល។ លោកថា ប្រសិនបើមានច្រើនជាងនេះក៏នៅតែលក់អស់៕