អភិបាលខេត្តកណ្តាល ព្រមានដកអភិបាលក្រុងតាខ្មៅ និងស្រុកស្អាង ដោយទុកឱសានវាទរយ:ពេល២០ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ព្រមានស្នើឲ្យដកអភិបាលស្រុកស្អាង លោក ជឺ គឹមហៃ អភិបាលក្រុងតាខ្មៅ លោក នូ សុវណ្ណរ៉ា និងមន្ត្រីពាក់ព័ន្ធព្រមទាំងព្រមានវិធានការច្បាប់ចំពោះលោក ជ្រាង សេងគង់ ថៅកែទឹកស្អាត ដោយទុកឱសានវាទរយ:ពេល២០ថ្ងៃ ជុំវិញបញ្ហាទឹកស្អាតក្នុងមូលដ្ឋាន។ លោក គង់ សោភ័ណ្ឌ ព្រមានចាត់វិធានការក្តៅៗបែបនេះធ្វើឡើងក្នុងពេលចុះជួបប្រជាពលរដ្ឋ កាលពីថ្ងៃសៅរ៍ ទី៣០ កក្កដា នៅសាលាសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពេលជជែកដេញដោលគ្នាអស់រយៈពេលជាង៤ម៉ោង រវាងប្រជាពលរដ្ឋចំនួន ៣ឃុំ ក្នុងស្រុកស្អាង និង១សង្កាត់ ក្នុងក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាទឹកស្អាតជាមួយក្រុមហ៊ុនរដ្ឋាករទឹកស្អាតស្អាង លោក គង់ សោភ័ណ្ឌ បានដាក់កំហុសលើក្រុមហ៊ុន អាជ្ញាធរ និងមន្ត្រីជំនាញថា ធ្វើរបាយកាណ៍ភូតកុហកដោយមិនយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ។ បញ្ហាទឹកស្អាតទាំងនោះ រួមមាន៖ អត់ទឹកប្រើតែកុងទ័រដើរលឿន ទឹកល្អក់ ការពិន័យប្រាក់ និងមន្ត្រីក្រុមហ៊ុនប្រើអប្បកិរិយាមិនសមរម្យចំពោះអតិថិជន។

បើតាមលោកអភិបាលខេត្តកណ្តាល មិនមែនតែអ្នកភូមិកោះគរ សង្កាត់រកាខ្ពស់ មួយនោះទេ គឺកើតមានរហូតដល់ទៅ៤ឃុំ-សង្កាត់ រួមមាន៖ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងឃុំព្រែកគយ ឃុំទឺកវិល ឃុំស្អាងភ្នំ ស្រុកស្អាង លោកចាត់ទុកថា បញ្ហានេះពុំមែនជារឿងសាមញ្ញនោះទេ។

លោក គង់ សោភ័ណ្ឌ បានចោទសួរថា ប្រជាពលរដ្ឋបង់ប្រាក់យឺតក្រុមហ៊ុនពិន័យ ចុះពេលអត់ទឹកផ្គត់ផ្គង់ជូនអតិថិជន និងទឹកល្អក់ប្រើមិនកើតនោះ តើនរណាជាអ្នកពិន័យក្រុមហ៊ុនវិញ ? ហើយរឿងកុងទ័រដើរលឿន ដែលគ្រួសារខ្លះមានសមាជិកត្រឹម៦នាក់ ប្រើអស់ទឹកដល់ទៅជាង១ពាន់គូប តើអាចទទួលយកបានដែរឬទេ? ដូច្នេះក្រុមហ៊ុនត្រូវខិតខំបំពេញចំណុចខ្វះខាតរបស់ខ្លួនឡើងវិញ។ ជាពិសេសលើការងារបច្ចេកទេស និងរដ្ឋបាល កុំពេលប្រជាពលរដ្ឋទូរស័ព្ទទៅបួនដប់ដង មិនចុះមកពិនិត្យ ចាំតែគិតលុយតាមនាឡិកាកុងទ័រនោះ។

ទន្ទឹមនឹងនោះ លោកអភិបាលបានស្នើឲ្យចៅសង្កាត់ មេឃុំ អភិបាលក្រុងតាខ្មៅ អភិបាលស្រុកស្អាង និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយក្រុមហ៊ុន ចុះជំរឿនឡើងវិញតាមខ្នងផ្ទះ ប្រជាពលរដ្ឋ ស្រាវជ្រាវរកឱ្យឃើញមូលហេតុពិតប្រាកដ បើបែកទុយោត្រូវ ជួសជុលជូនអតិថិជនភ្លាម៕