មកកម្ពុជាលើកដំបូង រដ្ឋមន្រ្តីការបរទេសជប៉ុនចង់ភ្លក់រសជាតិម្ហូបខ្មែរ «អាម៉ុក»

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសានឹងមកចូលរួម​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើកទី ៥៥ ដោយ​មាន ៣៩ ប្រទេស​ចូលរួម នៅថ្ងៃទី៣សីហាស្អែកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក ខណៈដែលលោកបានបញ្ជាក់ ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេស។

តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា រដ្ឋមន្រ្តីការបរទេសជប៉ុនរូបនេះ មានប្រសាស៍ថា៖ ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក។

ជាមួយនឹងដំណើរទស្សនកិច្ចលើកនេះ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏មានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន ផងដែរ។

«ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសមភាគីរបស់ខ្ញុំ ជាពិសេសអំពី វិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ»។ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បន្ថែម។

ក្នុងនោះ នៅទីក្រុងភ្នំពេញលោកនឹង​ជួប​ជជែក​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រីការ​បរទេស​ចិន លោក វ៉ាង យី ពី​បញ្ហា​ដែល​កំពុង​កើតមាន​លើ​ដែនទឹក​មួយ​នេះ នៅថ្ងៃទី ០៤ សីហា៕