កម្ពុជា-កាណាដា ជួបពិភាក្សាពិគ្រោះយោបល់លើកិច្ចការមួយចំនួន ពង្រឹងចំណងមិត្ដភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងឯកឧត្តម គ្រីស្ទៀន ដេសរ៉ូច ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក លើការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមផ្លូវការ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី បានឱ្យដឹងបន្ថែមថា នៅក្នុងជំនួបនេះ ឯកឧត្ដម និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចែករំលែកបទពិសោធទៅវិញទៅមកក្នុងវិស័យរដ្ឋបាលសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងការកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ព្រមទាំងបានពិគ្រោះយោបល់ការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។

មុនបញ្ចប់ជំនួប ឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ក៏បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា–កាណាដា នឹងបន្តរីកចម្រើន និងឈានទៅកាន់កម្រិតថ្មីបន្ថែមទៀតនាពេលអនាគត៕