រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ល្មមដូរផ្នត់គំនិតហើយ ថ្នាក់ដឹកនាំខេត្តនីមួយៗ គួរយកចិត្តទុកដាក់ផលិតផលខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន យល់ថាផលិតផលខ្មែរច្រើនណាស់ដែលបានតាំងបង្ហាញ នៅក្នុងសណ្ឋាគារ សុខា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប៉ុន្តែលោកបានដឹងពីព័ត៌មានតិចតួច​ប៉ុណ្ណោះ​ពី​ផលិតកម្ម​​​មួយ​ចំនួន​ធំ ដោយសារ​តែ​មន្ទីរព័ត៌មាន​នៅតាមខេត្ត រវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់​ដឹកនាំ​ខេត្ត​ពេក ហើយ​លោក​យល់​ថា​ផ្នត់គំនិត​នេះ​ល្មម​ដូរ​ចេញ​ហើយ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា នៅថ្ងៃ ៣ សីហា ២០២២ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី​ចេញពីប្រជុំ​ហើយ លោកបានដើរមើលពិព័រណ៌ផលិតផលខ្មែរ ដែលក្រសួងពាណិជ្ជកម្មបានរៀបចំនៅក្នុងសណ្ឋាគារ សុខា ជ្រោយចង្វា ។ លោកឃើញមានផលិតផលខ្មែរច្រើនណាស់ដែលដាក់តាំងបង្ហាញ ហើយមួយចំនួន​ធំមាននៅតាមខេត្តទៅទៀត ប៉ុន្តែលោកបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាន​នៅ​តាម​ខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់​បង្ហាញពីសក្តានុពល​របស់ខេត្តខ្លួន។

ឯកឧត្តម ខៀវ កាញារីទ្ធ បាន​សង្កត់​ធ្ងន់​ថា៖ “ផ្នត់គំនិតនេះ ល្មមដូរហើយ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់​ដឹកនាំ​ ដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ”។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ​​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។ ក្នុង​ពិធី​ដ៏​ធំ​នេះ​ ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​រៀបចំ​ឱ្យ​​មាន​ការ​តាំង​ពិព័រណ៌ផលិតផលខ្មែរ​ជា​ច្រើនផង​ដែរ ​​ដើម្បី​ជួយ​ផ្សព្វផ្សាយ​​​ដល់​ភ្ញៀវ​ជាតិ ជាពិសេស​ភ្ញៀវ​អន្តរជាតិ បាន​​យល់ដឹង​អំពី​ផលិត​ផល​ក្នុង​ស្រុក៕