ផ្តើមពីបាទដៃទទេ លោក អ៊ិន ដារ៉ា វិវត្តន៍ខ្លួនក្លាយអ្នកអភិវឌ្ឍយ៉ាងសកម្មក្នុងទឹកដីខេត្តបាត់ដំបង

សង្គម​និង​សេដ្ឋកិច្ច

ផ្តើមចេញពីបាទដៃទទេ និងពីក្រុមគ្រួសារក្រក្រី ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក អ៊ិន ដារ៉ា តស៊ូជំនះរាល់ឧបសគ្គរាប់ម៉ឺនជំពូក វិវត្តន៍ខ្លួនក្លាយជាសហគ្រិនវ័យក្មេងពោរពេញដោយសមត្ថភាព និងមហិច្ឆតាដ៏ធំធេងក្នុងសកម្មភាពធុរកិច្ចក្នុងវិស័យអចលនទ្រព្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសិក្ខាសាលា នាថ្ងៃអាទិត្យ ទី២១ សីហា ក្នុងក្រុងកំពង់ឆ្នាំង ស្តីពីស្ថានភាពនៃការ​វិនិយោគ ផ្ទះ ដីឡូត៍ ដី​តាម​បណ្តាខេត្ត ដីក្នុងក្រុងភ្នំពេញ និងដីហិកតាៗជាយក្រុងភ្នំពេញ លោក អ៊ិន ដារ៉ា បានបង្ហើបប្រាប់ពីប្រវត្តិបទពិសោធន៍ជីវិត ការងារ និងបេសកកម្មក្នុងវិស័យជំនួញ ជូនដល់សិក្ខាកាមជាង ៥០០នាក់។ លោក ដារ៉ា ធ្លាប់ជាក្មេងដែលដើរដាក់ឆ័ត្រ តាមផ្សារ និងហៅភ្ញៀវជិះតាក់ស៊ី នៅក្រុងបាត់ដំបង ដើម្បីយកកម្រៃផ្គត់ផ្គង់គ្រួសារ ដែលឆ្លៀតពេលពីការសិក្សារៀនសូត្រ។

ភាពក្រីក្រ ការតស៊ូនឹងឧបសគ្គនានា របស់លោក ដារ៉ា បានបង្រៀនលោកឲ្យចេះខិតខំប្រឹងប្រែងរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្ម នៅភ្នំពេញ មុនចេញធ្វើការក្នុងក្រុមហ៊ុនឯកជនដើម្បីចិញ្ចឹមជីវិត។

បច្ចុប្បន្នលោក អ៊ិន ដារ៉ា ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តបាត់ដំបង និងជាអគ្គនាយក​នៃ​ក្រុមហ៊ុន KW BATTAMBANG ។ លោក ដារ៉ា បាននឹងកំពុងវិនិយោគលើគម្រោងអចលនទ្រព្យប្រភេទបុរី និងដីឡូត៍ជាច្រើនគម្រោង នៅខេត្តបាត់ដំបង។

លោកថា វិថីដែលនាំលោកឲ្យឈានមកជោគជ័យដល់សព្វថ្ងៃ ក៏ព្រោះលោក ដារ៉ា ប្រកាន់ភ្ជាប់គោលការណ៍ និងទស្សនៈវិស័យដ៏វែងឆ្ងាយសម្រាប់កំណត់គោលដៅជីវិតខ្លួនឯង។ ចក្ខុវិស័យដែលលោក ដារ៉ា អនុវត្តកន្លងមកទទួលបានជោគជ័យនោះ គឺ កើតចេញពីខ្លួនឯងផ្ទាល់ ចំណេះដឹង ជំនាញ និងការសេពគប់។

លោកថា៖ “ជីវិតរបស់យើង គ្រប់យ៉ាងរៀបចំដោយខ្លួនឯង។ ប្រសិនបើយើងមិនបង្កើត តើនរណាជួយបង្កើតឲ្យយើង។ ហេតុនេះ យើងត្រូវតែធ្វើជាដាច់ខាត”។

បើតាមលោក អ៊ិន ដារ៉ា យុវជនត្រូវចេះបង្កើតក្តីស្រមៃ សម្រាប់ចក្ខុវិស័យ ១០ឆ្នាំខាងមុខ ថាយើងនឹងសម្រេចបានជោគជ័យអ្វីខ្លះ? ការធ្វើដូច្នេះ ដើម្បីលើកទឹកចិត្ត និងជំរុញសកម្មភាពរបស់ខ្លួនបន្ថែមឆ្ពោះទៅសម្រេចតាមផែនការ។

លោកបន្ថែមទៀតថា យុវជនត្រូវការសម្រួចខ្លឹម គឺចំណេះដឹង ជំនាញ និងសេពគប់ ប្រសិនបើចង់ជោគជ័យក្នុងជីវិត។ លើសពីនេះ ក៏ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ និងបង្កើតអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងផ្ទាល់៕