វិនិយោគិនជប៉ុន ១៤ក្រុមហ៊ុនត្រៀមខ្លួនមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនជប៉ុនចំនួន ១៤ ក្រុមហ៊ុន និងក្រុមការងារអង្គការ JETRO ជប៉ុនប្រចាំរាជធានីភ្នំពេញ ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃអង្គារ ទី៣០ ខែសីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោកស្រី Marisa Haruta តំណាងអង្គការ JETRO ជប៉ុនប្រចាំរាជធានីភ្នំពេញ ប្រាប់លោក ប៉ាន សូរស័ក្តិ ថា គណៈប្រតិភូធុរកិច្ច និងវិនិយោគជប៉ុនមកកាន់កម្ពុជានាពេលនេះ ដើម្បីសិក្សាអំពីស្ថានភាពទូទៅនៃបរិយាកាសធុរកិច្ចនៅកម្ពុជា និងស្ថានភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន ជាពិសេសការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

បន្ថែមទៅទៀត លោកស្រី ក៏ប្រាប់ថា មានគោលបំណងជួយសម្របសម្រួលចំពោះធុរជន និងវិនិយោគិនជប៉ុនឱ្យពិចារណាក្នុងការប្រកបអាជីវកម្មនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគាំទ្រចំពោះក្រុមហ៊ុនជប៉ុនទាំងអស់ ដែលត្រៀមខ្លួនមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយបានបញ្ជាក់ពីកិច្ចសហប្រតិបត្តការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមសម្របសម្រួល ជាមួយក្រុមហ៊ុនទាំងអស់។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានបង្ហាញផងដែរនូវក្នុងក្របខ័ណ្ឌវិនិយោគ គិតត្រឹមឆ្នាំ២០២១ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៤៦គម្រោង ជាមួយនឹងទុនវិនិយោគសរុបចំនួនជាង ២.៨ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ គម្រោងវិនិយោគរបស់ជប៉ុនមានចំនួន ២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦២លានដុល្លារអាមេរិក៕