ប្រមុខរដ្ឋាភិបាល បង្ហើបពីគម្រោងសាងសង់រថភ្លើងក្រោមដី ភ្ជាប់ពីភ្នំពេញ ទៅខេត្តកណ្ដាល

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពីធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នៅព្រឹកថ្ងៃទី៣១ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបពីគម្រោងធ្វើរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញនាពេលអនាគតដោយភ្ជាប់ពីពីភ្នំពេញ ទៅកាន់ខេត្តកណ្ដាល ខណៈជប៉ុនបានសិក្សារួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើបអំពីគម្រោងនាពេលអនាគត ដោយអាចនឹងមានរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ភ្ជាប់ទៅខេត្តកណ្ដាល ច្រើនជាងលទ្ធភាព នៃការធ្វើរថភ្លើងលើអាកាសដែលមានប៉ះពាល់ច្រើនដល់លំនៅឋានប្រជាពលរដ្ឋ ខណៈរថភ្លើងក្រោមដីទំនងមិនសូវមានផលប៉ះពាល់ដូចលើអាកាសឡើយ។

ជាមួយគ្នានេះ សម្តេចបានលើកឡើងយ៉ាងដូច្នេះថា «ឥលូវនេះតម្រូវការ នៃការធ្វើផ្លូវក្រោមដីត្រូវការហើយ ហើយរាជធានីភ្នំពេញ លទ្ធភាពដែលមានពិតប្រាកដមិនមែនរថភ្លើងលើអាកាស ដូចដែលចាយការបានសិក្សា ហើយយើងបានចរាចរដែលជប៉ុនគ្រោងជួយ ប៉ុន្ដែបើយើងយកលុយ១,៨០០លានដុល្លារ យកមកធ្វើរថភ្លើងលើអាកាសអត់កើតទេវេទនាណាស់ អញ្ចឹងទេប្រហែលជម្រើសថ្ងៃក្រោយរថភ្លើងក្រោមដីវិញទេ»។

គួរបញ្ជាក់ដែរថា សម្ដេច ហ៊ុន សែន ក៏បានរំលឹកថា JICA របស់ជប៉ុនធ្លាប់បានសិក្សារួចមកហើយអំពីការធ្វើរថភ្លើងលើអាកាសនៅក្នុងរាជធានីភ្នំពេញ ប៉ុន្ដែដោយសារផលប៉ះពាល់ច្រើនពេក គម្រោងនេះត្រូវបានអាក់ខានទៅវិញ។ សម្ដេចបានគូសបញ្ជាក់ថា ការចំណាយថវិការហូតដល់ជិត២០០០លានដុល្លារ លើរថភ្លើងលើអាកាសសម្រាប់តែរាជធានីភ្នំពេញមួយ ហាក់មិនសមភាពនោះទេ ខណៈទីជនបទត្រូវការស្ពានឆ្លងទន្លេយ៉ាងច្រើន។

យ៉ាងណា បើតាមសម្ដេច បានលើកឡើងដែរថា បើគម្រោងសាងសង់រថភ្លើងក្រោមដីនៅពេលអនាគតនេះកើតឡើង គឺកម្ពុជាអាចប្រើប្រាស់នូវវិស្វករដែលជាកូនខ្មែរផ្ទាល់តែម្ដង ខណៈកូនខ្មែរបច្ចុប្បន្នបានទៅសិក្សាជំនាញវិស្វករនេះរហូតដល់ក្រៅប្រទេសច្រើននាក់ថែមទៀត៕