កោះនៅខេត្តកែប ៣ទីតាំង រដ្ឋាភិបាលសម្រេចផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ភ្លើងខៀវឲ្យក្រុមហ៊ុន SAMANEA CO., LTD ធ្វើការអភិវឌ្ឍន៍កោះស្វាយ កោះម្ទេស និងកោះកុក ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កោះទាំង ៣ទីតាំងស្ថិតនៅខេត្តកែបនេះ មានទុនវិនិយោគប្រមាណ ១៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០កន្លែង។

សូមជម្រាបជូនថា កោះស្វាយ ជាកោះមួយដែលមានទេសភាពស្រស់ស្អាត ទឹកសមុទ្រថ្លាខៀវស្រងាត់ មានដើមឈើធំៗម្លប់ត្រឈៃ ជាពិសេសកោះនេះស្ថិតនៅក្នុងតំបន់ដែនអភិរក្សជីវៈចម្រុះក្នុងសមុទ្រផងដែរ។

សម្រាប់វិញ កោះម្ទេស ឯណេះ គឺជាកោះតូចមួយក្នុងដែននេសាទនៃខេត្តកែបដែលមានទេសភាពខៀវស្រងាត់ ហ៊ុមព័ទ្ធដោយទឹកសមុទ្រខៀវថ្លា ជាពិសេសកោះនេះស្ថិតនៅក្នុងតំបន់អភិរក្សជីវៈចម្រុះក្នុងសមុទ្រ។

ដោយឡែក កោះកុក ឯណេះ ក៏ជាកោះតូចមួយដែលមានទេសភាពបៃតងខ្ចី ហ៊ុមព័ទ្ធដោយទឹកសមុទ្រខៀវថ្លាឆ្លុះដល់បាត ឆ្នេរក្រាលខ្សាច់ និងគ្រាប់ថ្មតូចៗចម្រុះពណ៌គ្នា ជាពិសេសកោះនេះស្ថិតនៅក្នុងតំបន់ដែនអភិរក្សជីវៈចម្រុះក្នុងសមុទ្រផងដែរ៕