ដឹងអត់ថា CEO របស់ក្រុមហ៊ុន អ័រគីដេ គ្រុប ជានរណា?

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) ​​​​បាន​ក្លាយ​​ខ្លួនជាក្រុមហ៊ុន​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​ក្នុង​ការ​សាង​សង់​លំនៅឋាន ផ្ទះវីឡា និង​ខុនដូ​បែប​ទំនើបៗ និង​ស៊ីវិល័យ​នៅ​ប្រទេស​កម្ពុជា មិន​ដល់​រយៈពេល​១០ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុន អ័រគីដេ វីឡា ​​បាន​​ក្លាយ​ទៅ​ជា​ អ័រគីដេ គ្រុប (Orkide Group) ​​និង​បាន​​​​​​​បង្កើត​ឈ្មោះ​ថ្មី​​ហៅ​ថា ​ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development Co.,Ltd) ដែល​បាន​ចុះ​បញ្ជី​​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ២០១៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ក្រុមហ៊ុន​ អ័រគីដេ ឌីវែឡុបម៉ិន ​គឺ​លោក​ជំទាវ ហ៊ុន ម៉ាណា ​ដែល​ជា​កូនស្រី​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។ លោក​ជំទាវ ហ៊ុន ម៉ាណា គឺជា​អគ្គនាយិកា នៃ​ក្រុមហ៊ុន​មួយ​នេះ​ ប៉ុន្តែ​លោកស្រី ​​បាន​រៀប​ចំ​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ទៀត ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ ជាពិសេស​គឺ​មាន​លោកស្រី ខៀវ សស៊ីលៀប ជា​នាយិកាប្រតិបត្តិទូទៅ ដែល​តែងតែ​ចេញ​មុខ​តំណាង​ក្រុមហ៊ុន​ញឹកញ៉ាប់ ក្នុង​ការ​ចុះ​​កិច្ច​ព្រមព្រៀង​ផ្សេងៗ ក៏​ដូចជា​ការ​​ដឹកនាំ​ក្រុមហ៊ុន​ទាំង​មូល។

សូមបញ្ជាក់ថា ក្រុមហ៊ុន​ អ័រគីដេ ឌីវែឡុបម៉ិន ​​បាន​បើក​គម្រោង​ទី​១​របស់​ខ្លួន​នៅ​ផ្លូវ​២០០៤ កាល​ឆ្នាំ​២០១៤ ហើយ​មក​ទល់​​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ ​​មានគម្រោង​ធំៗ​ដល់​ទៅ​ ​៣​កន្លែង​ហើយ​ ដូចជា៖ ១) គម្រោង​ខុនដូ​អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម តាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិស៊ី-អាយ-អេ និងជាប់​សាលាអន្តរជាតិណតប្រ៊ីត, ២) គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយ​ផ្លូវជាតិ​លេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ និង​ ៣) គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្ត​តាំងកសាង (ផ្លូវ១០៥K) ទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

​​