កម្ពុជា កំពុងជំរុញឧស្សាហកម្មកសិ-ចំណីអាហារដើម្បីឈានទៅដោះស្រាយវិបត្តិសន្តិសុខស្បៀង

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា កំពុងជំរុញឧស្សាហកម្មកសិ-ចំណីអាហារ ដើម្បីឈានទៅដោះស្រាយវិបត្តិសន្តិសុខស្បៀង ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារដែលពិភពលោកកំពុងប្រឈម។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅក្នុងវេទិកាអន្តរជាតិស្តីពី សុវត្ថិភាពចំណីអាហារ នៅស្នាក់ការកណ្តាលរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ នៅទីក្រុងវីយេន ប្រទេសអូទ្រីស កាលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វេង សាខុន បានលើកឡើងថា ឧស្សាហកម្មកសិ-ចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ហើយក៏ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងកសិករ/អ្នកផលិត និងអ្នកប្រើប្រាស់ចុងក្រោយផងដែរ។ ទោះជាយ៉ាងណា ការអភិវឌ្ឍឧស្សាហកម្មកសិ-ចំណីអាហារកម្ពុជានៅមានបញ្ហាប្រឈមមុខមួយចំនួនដូចជាមានកម្រិតនៃគ្រឿងបរិក្ខារកែច្នៃ លទ្ធភាពទទួលបានបច្ចេកវិទ្យា គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមនៅមានកម្រិត និងការយល់ដឹងជាសាធារណៈអំពីស្តង់ដារសុវត្ថិភាពចំណីអាហារ និងបញ្ហាទាក់ទងនឹងភូតគាមអនាម័យ (SPS)។

យ៉ាងណាក៏ដោយ ដើម្បីដោះស្រាយទៅកាន់បញ្ហាប្រឈមទាំងនេះ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដោយបានផ្តល់ការលើកទឹកចិត្តជាច្រើនដល់ការវិនិយោគក្នុងវិស័យកសិកម្ម ទាំងការដាំដុះ ការចិញ្ចឹមសត្វនិងត្រី ការកែច្នៃ ការវេចខ្ចប់ក្រោយប្រមូលផល ដោយប្រកាន់យកការលើកកម្ពស់ខ្សែច្រវាក់តម្លៃពេញលេញជាខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការជំរុញការធ្វើទំនើបកម្មកសិកម្ម ជាមួយនឹងសុវត្ថិភាពចំណីអាហារ និងស្តង់ដារនាំចេញអន្តរជាតិជាអាទិភាព។

ថ្លែងក្នុងវេទិកានោះ លោក Gerd Muller អគ្គលេខាធិការអង្គការ UNIDO បានលើកឡើងថា វេទិកានេះ គឺធ្វើឡើងកគោលបំណងសំខាន់រួមគ្នាគិតគូ ដោះស្រាយឲ្យបានទាន់ពេលវេលា ច្បាស់លាស់ និងមានប្រសិទ្ធភាពចំពោះវិបត្តិសន្តិសុខស្បៀង ភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារដែលពិភពលោកកំពុងប្រឈម។

គួរបញ្ជាក់ដែរថា តាមរយៈរយៈវេទិកានេះដែរ ភាគីពាក់ព័ន្ធក៏បានអំពាវនាវឲ្យគ្រប់បណ្តាលប្រទេសសមាជិកត្រូវតែសហការគ្នាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា តាមរយ:បង្កើនផលិតភាពផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប លើកកម្ពស់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារជាដើម៕