រដ្ឋាភិបាល នឹងស្តារបារាយខាងកើត ដែលជាប្រភពក្បាលទឹកយ៉ាងធំធេងក្នុងខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា បានប្រកាស នឹងរៀបចំស្តារឡើងវិញនូវបារាយណ៍ខាងកើត ដើម្បីធានាការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ខណៈបច្ចុប្បន្នកំពុងសិក្សាលម្អិតពីគម្រោងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ទីតាំងបារាយណ៍ខាងកើត គឺជាប្រភពក្បាលទឹកយ៉ាងធំធេង សម្រាប់ចែកចាយទឹក ប្រើប្រាស់ទាំងវិស័កសិកម្ម និងប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈបារាយណ៍ខាងកើត មានប្រភពទឹកប្រមាណជា៣០ម៉ែត្រម៉ឺនម៉ែត្រគូប និងមានតំបន់ទឹកធំៗដែលត្រូវបានអ្នកសៀមរាបនាំគ្នាហៅថាជាអាងទឹកធម្មជាតិមួយ មានទឹកហូរចេញចូលច្រើនអនេកទាំងរដូវប្រាំង និងវស្សា។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា រាជរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរើសំណង់ពលរដ្ឋ នៅក្នុងភូមិព្រះដាក់នៅឡើយនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងសិក្សាពីការស្តារបារាយខាងកើត ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់ ៣០ម៉ឺនម៉ែត្រគូប ខណៈ ការស្តារបារាយនេះ គឺអាចនឹងប៉ះពាល់ជាមួយពលរដ្ឋខ្លះនៅភូមិព្រះដាក់ ក្នុងខេត្តសៀមរាប។

គួរបញ្ជាក់ដែរថា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មករស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ដើម្បីធានាការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប រដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៦លានដុល្លារអាមេរិកលើដំណើរស្តារបារាយខាងកើត ដើម្បីឱ្យបារាយណ៍ខាងកើតមានទឹកឡើងវិញ នេះជាដំណោះស្រាយរយៈពេលវែង៕