ការងារផ្លូវការចុងក្រោយបំផុតអតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន នៅប្រទេសណាខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

ការបញ្ចប់មុខដំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន ហាក់មានការផ្អើលច្រើនជាងបណ្តារដ្ឋមន្ត្រីនានា នេះក៏ព្រោះថាក្នុងអាណត្តិដឹកនាំរបស់លោកត្រូវបានមហាជនមួយចំនួននិយាយថាមិនបានធ្វើឲ្យវិស័យកសិកម្មរីកចម្រើន ខណៈកម្ពុជាជាប្រទេសកសិកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បញ្ចប់មុខដំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម ពីលោក វេង សាខុន ស្របពេលលោកទើបមកពីបំពេញបេសកកម្មផ្លូវការមួយសប្តាហ៍នៅអ៊ីរ៉ុប។ ប៉ុន្មានម៉ោងក្រោយមក រាជរដ្ឋាភិបាលក៏សម្រេចចាត់តាំងលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទី។

មន្រ្តីក្រសួងកសិកម្ម ប្រាប់សារព័ត៌មានឧកញ៉ាញូស៍ឲ្យដឹងថា លោក វេង សាខុន ការបំពេញបេសកកម្មការងារនៅអឺរ៉ុបមួយសប្តាហ៍ ទាក់ទងទៅនឹងការពង្រឹងសុវត្ថិភាពស្បៀងជាសកល និងការស្វះស្វែងរកការគាំទ្រគម្រោងពង្រឹង ការផលិតផលកសិកម្មប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដាអឺរ៉ុប នៅកម្ពុជា។

លោកបន្តថា ឱកាសបំពេញបេសកកម្មនោះលោក វេង សាខុន បានដឹកនាំគណៈប្រតិភូចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពម្ហូបអាហារ” តបតាមការអញ្ជើញពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅប្រទេសអូទ្រីស និងប្រទេសប៉ែលហ្សិច។

រយៈពេលមួយសប្តាហ៍នៅអឺរ៉ុប អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏មានជំនួបជាមួយស្ថាប័ន អង្គការ សហគ្រាស ដែលធ្វើការក្នុងវិស័យកសិកម្ម។ ពិសេសការងារអាទិភាពចម្បងក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ការកែច្នៃផលិតផលជលផល និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា។

សូមជម្រាបជូនថា ក្រសួង​កសិកម្មដែលមាន​លោក​វេង សាខុន ជា​រដ្ឋមន្រ្តី ក៏​បាន​សម្រេច​ជោគជ័យក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ដើម្បី​នាំ​ចេញ​ស្វាយស្រស់ និង​ចេក​លឿង​ ​ដំណាំ​​តាង៉ែនឬមៀនប៉ៃលិន ដែលជា​​ដំណាំ​ដ៏​មាន​សក្តានុពល ក៏កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាលត្រៀម​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅចិន ខណៈកន្លងទៅ​មាន​ការ​រាំង​ស្ទះ​ដោយសារ​ខ្វះទីផ្សារ​នាំ​ចេញ៕