អាល្លឺម៉ង់ ប្តេជ្ញាជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើងមកកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតថ្មី អាល្លឺម៉ង់ ប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចតេជោថា ក្នុងបេសកកម្មការទូតនេះ លោក និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស នឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើងមកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា ហើយរាល់ការជោគជ័យរបស់កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេស ថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រដ្ឋាភិបាលអាល្លីម៉ង់ ចុះហត្ថលេខាសន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ) សម្រាប់​គម្រោងប្រសិទ្ធភាព​ថាមព​ល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២។

តាមរយៈធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (kfw) រដ្ឋាភិបាលអាល្លីម៉ង់ ក៏បានផ្តល់​ជំនួយ​ចំនួន ៣០​លានអឺរ៉ូ ម្តងរួចមកហើយនៅឆ្នាំ២០១៩ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល និង​ការផ្គត់​ផ្គង់​អគ្គិសនីជនបទដំណាក់កាលទី១។

ក្រៅពីនេះ នៅឆ្នាំ២០២០ ធនាគារនេះ បានផ្តល់ហិរញ្ញប្បទានចំនួន ៣០លានអឺរ៉ូ បន្ថែមទៀត​ សម្រាប់ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធនៅជនបទក្នុងប្រទេសកម្ពុជា៕