ឯកឧត្តម ថោង ខុន៖ កម្ពុជា ចង់ទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យបាន៧០ម៉ឺននាក់ នៅឆ្នាំក្រោយ

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ រដ្ឋ មន្ត្រី ក្រសួង​ទេសចរណ៍កម្ពុជា បានបង្ហាញគោលដៅថា កម្ពុជា បាន​កំណត់​ទិស​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​វៀត​ណាម​ឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា-វៀតណាម បាន​ឯក​ភាព​គ្នា​ពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ដើម្បី​រួម​គ្នា​សម្រេច​ឱ្យ​បាន​ទិស​ដៅ​នេះ។ ឯកឧត្តមបន្តថា កម្ពុជា បានស្នើដល់វៀតណាម ជួយជំរុញឱ្យសម្រេចបានទិសដៅទាក់ទាញ ទេស​ចរ​វៀតណាមឱ្យបាន៧០ម៉ឺននាក់នៅឆ្នាំ២០២៣ និងឱ្យបាន១លាននាក់នៅឆ្នាំ២០២៤ ខណៈ​ត្រឹម​រយៈ​ពេល៨ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរវៀតណាមជាង២៣ម៉ឺននាក់ស្រាប់ទៅហើយ។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏​បាន​ឯក​ភាព​​គ្នា​ជំរុញ​ការ​ត​ភ្ជាប់​ផ្លូវ​ទឹក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពត ខណៈ​កំពង់​ផែ​ទេសចរណ៍នេះ ក៏ត្រៀមដាក់ឱ្យដំណើរនៅអំឡុងត្រីមាសទី២ឆ្នាំ២០២៣ខាងមុខដែរ។

ដោយឡែក ចំពោះការតភ្ជាប់ផ្លូវអាកាសវិញ ភាគីទាំងពីរ បាន​ជំរុញ​ឱ្យ​មាន​ការ​ត​ភ្ជាប់​ជើង​ហោះ​ហើរ​រវាង​គោល​ដៅទេសចរណ៍មួយចំនួន រួមមាន៖ សៀមរាប-កោះត្រល់ ព្រះសីហនុ-ហាឡុង សៀមរាប-ហាយ​ហ្វុង​ សៀមរាប-កាន់ថឺរ ខណៈគោលដៅទេសចរណ៍ទាំងនេះ គឺ​សុទ្ធ​តែ​ជា​គោល​ដៅ​ដ៏​សំខាន់​នៃ​ប្រទេស​ទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញចលនាទេសចរបើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំងពីរ និង​ទៅប្រទេសទី៣។

ជាងនេះទៀត ភាគីទាំងពីរ ក៏បានឯកភាពគ្នា នឹងជំរុញការផ្លាស់ធុរកិច្ច និង​ទស្សន​កិច្ច​រវាង​វិស័យ​សាធារណៈ​ និងឯកជនឱ្យយបានច្រើន ពិសេសវិស័យឯកជន ដើម្បី​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ពី​គោល​ដៅ​ទេស​ចរណ៍​រវាងកម្ពុជានិងវៀតណាម៕