សម្តេច ហេង សំរិន ស្នើក្រុមហ៊ុនវៀតណាមសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភា ធ្វើឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស

សង្គម​និង​សេដ្ឋកិច្ច

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើឱ្យក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព  សោភ័ណភាព  និងឱ្យបានទាន់ពេលវេលា។ ការស្នើនេះធ្វើឡើងនៅក្នុងពេលដែលក្រុមហ៊ុន ធី ស៊ី វី ធ្វើបទបង្ហាញពីវឌ្ឍនភាពការសាងសង់ ដែលបានអនុវត្តកន្លងមក នាព្រឹកថ្ងៃទី១៨ ខែតុលានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ សម្តេចបានស្នើដល់ក្រុមការងារនិងក្រុមហ៊ុនទាំងអស់ បន្តអនុវត្តឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។

សំណង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ចំនួន២៥លានដុល្លារ បានផ្តើមបើកការដ្ឋានសាងសង់ផ្លូវការកាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។ 

គម្រោងសាងសង់អគាររដ្ឋបាលនេះ មានក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ហើយតាមគម្រោងអគាររដ្ឋបាលថ្មីនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ខាងមុខ៕