សម្តេច ហ៊ុន សែន បង្ហាញមោទនភាពខួប១ឆ្នាំនៃការបើកសង្គម-សេដ្ឋកិច្ចឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១ ខែវិច្ឆិកានេះ គឺជាខួបមួយឆ្នាំនៃការបើកប្រទេសឡើងវិញ បន្ទាប់ពីបិទខ្ទប់ដោយសារតែកូវីដ១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ។ នេះជាការថ្លែងគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាសស្រ្តសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ នាព្រឹកថ្ងៃអង្គារ ទី០១ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពបន្ទាប់ពីកម្ពុជាបានចាត់វិធានការទប់ស្កាត់កូវីដ១៩បាន ព្រមទាំងចាក់វ៉ាក់សាំងជូនពលរដ្ឋ។ ទន្ទឹមនឹងនេះ សម្តេចតេជោបានថ្លែងអំណរគុណដល់ពលរដ្ឋដែលបានចូលរួមគោរពវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលកន្លងទៅ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ភ័ព្វសំណាងមួយដែលកូវីដ១៩ កើតក្រោយប្រព័ន្ធអនឡាញឌីជីថល។ ប្រសិនបើ កូវីដកើតមុនប្រព័ន្ធ digital online នោះ យើងមិនអាចធ្វើការជួបប្រជុំ ឬក៏អត់បានសិក្សាតាមរយៈអនឡាញបានទេ»។

សូមជម្រាបថា រាជរដ្ឋាភិបាលបានធ្វើការព្យាករសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈឆ្នាំ២០២២នេះ មានកំណើនក្នុងអត្រាប្រមាណ៥,៤%។ នេះបើតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

ជារួម ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះ នឹងត្រូវគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងនោះរួមមាន៖ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣។ វិស័យសេវាកកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ២០២៣។ និង វិស័យកសិកម្ម ត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១% ក្នុងឆ្នាំ២០២៣៕