កម្ពុជា-កូរ៉េ ពិភាក្សាគ្នាពីលទ្ធភាពបង្កើតឲ្យមានជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អភិបាលខេត្តស្វយ័តជេជូ នៃសាធារណរដ្ឋកូរ៉េ ពិភាក្សាការងារជាមួយកម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់កម្ពុជា ដោយអភិបាលខេត្តជេជូ នឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នាវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនោះ លោកអភិបាលខេត្តជេជូ បានគោរពជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ គឺដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ ព្រមទាំងបានសម្ដែងនូវការអំណរគុណចំពោះសម្តេចធិបតី ដែលបានគាំទ្រក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ជាមួយរាជធានីភ្នំពេញនាពេលនេះ និងខេត្តសៀមរាបនាពេលកន្លងមកផងដែរ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងថា លោកបានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់កម្ពុជា ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។

លើសពីនេះ លោកក៏បានបញ្ជាក់អំពីការស្វែងរកឱកាស សម្រាប់ការវិនិយោគលើវិស័យផ្សេងៗទៀត រួមមាន វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម ក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្រ្ត រវាងកូរ៉េ និងកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានអបអរចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត រវាងរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ដែលនេះជាផ្នែកមួយក្នុងការរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនោះ សម្តេចធិបតី ក៏បានរំឭកផងដែរអំពីការពិភាក្សារវាងសម្តេចធិបតី និងអភិបាលខេត្ត នៅទីក្រុងសេអ៊ូល ក្នុងអំឡុងពេលដែលសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ អំពីការតភ្ជាប់រវាងខេត្តជេជូ និងកម្ពុជា តាមរយ:ការផ្តោតសំខាន់លើការជំរុញនូវកំណើនទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់ រវាងខេត្តជេជូ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។

លើសពីនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់លោកអភិបាលខេត្ត ក្នុងការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការស្វែងរកឱកាសសម្រាប់ការពង្រីកការវិនិយោគ នៅក្នុងវិស័យសក្តានុពលនៅកម្ពុជាផងដែរ៕