ជប៉ុន កំពុងជំរុញពាណិជ្ជកម្ម និងគៀងគរវិនិយោគិនមករកស៊ីកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO បានបង្ហាញគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគនៅកម្ពុជា តាមរយៈការគៀងគរវិនិយោគិន និងកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន-កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីជំរុញបរិយាកាសធុរកិច្ចនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើឡើង ភាគីទាំងពីរបានជួបពិភាក្សាគ្នារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Nobuhiko Sasaki ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ JETRO នាពេលថ្មីៗនេះ។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យ JETRO បន្តចូលរួមទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យកាន់តែច្រើន និងពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ចលនាភូមិមួយផលិតផលមួយ ជាពិសេសការរៀបចំពិព័រណ៍ និងលក់ផលិតផលខ្មែរនៅទីផ្សារជប៉ុន។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានស្នើសុំឱ្យ JETRO សហការចូលរួមពិព័រណ៍ OVOP 2022 ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងជួយសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពសិក្សារបន្ថែមអំពីកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងជប៉ុន និងកម្ពុជា ព្រមទាំងស្នើសុំ JETRO ឱ្យកៀរគរក្រុមហ៊ុនជប៉ុនដែលមានទីតាំងនៅប្រទេសជិតខាង ជាពិសេសថៃ+១ និងវៀតណាម+១ ពិចារណាដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនមកកម្ពុជា។

ជាការឆ្លើយតប លោក Nobuhiko Sasaki បានបង្ហាញការគាំទ្រយ៉ាងខ្លាំងលើ RCEP ជាពិសេសក្រសួងពាណិជ្ជកម្មដែលតែងតែគាំទ្រដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅកម្ពុជា និងបានចូលរួមអបអរសាទរដល់កម្ពុជា ចំពោះភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននាពេលកន្លងមក និងកិច្ចប្រជុំពាក់ព័ន្ធនានា។

បន្ថែមពីនេះ លោកបានស្នើសុំកិច្ចសហប្រតិបត្តិការពីក្រសួងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីជំរុញការនាំចេញផលិតផលជប៉ុន ជាពិសេសផលិតផលគ្រឿងសម្អាង និងអាហារមកកាន់ទីផ្សារកម្ពុជា។

ជាមួយគ្នានេះ លោក Nobuhiko Sasaki ក៏បានជំរុញឱ្យភាគីកម្ពុជាសិក្សា និងស្វែងយល់ពីតម្លៃបន្ថែម ដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បើប្រៀបធៀបទៅនឹង RCEP ហើយវាជាក្របខ័ណ្ឌដែលសម្រេចដោយរដ្ឋាភិបាលជប៉ុន។ លោកបន្ថែមថា អង្គការ JETRO គ្រោងនឹងរៀបចំសិក្ខាសាលាថៃ+១ នៅប្រទេសថៃក្នុងខែមករា ឆ្នាំ២០២៣ ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនដែលមានទីតាំងក្នុងប្រទេសថៃ ដើម្បីពិនិត្យលទ្ធភាពពង្រីកអាជីវកម្មឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសតាមរយៈច្រកអន្តរជាតិប៉ោយប៉ែត។

គួររំលឹកថា ក្នុងរយៈពេល ៥ឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន សម្រេចបានប្រមាណ ៧៧៨លានដុល្លារ កើនឡើងក្នុងអត្រា ១២,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៦៩៣លានដុល្លារ៕