សម្តេចតេជោ ឱ្យអាស៊ានថែរក្សាចំនុចអាទិភាពចំនួន៣ ដើម្បីធានាឱ្យតំបន់អាស៊ានមានចីរភាព

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអាស៊ានថែរក្សាចំនុចអាទិភាពចំនួន៣ ដើម្បីធានាឱ្យតំបន់អាស៊ានមានចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាននាឆ្នាំ២០២២នេះ បាន​លើក​ឡើង​បន្តថា៖ «ខណៈយើងធ្វើដំណើរទៅមុខ យើងក៏មិនត្រូវភ្លេចនូវអតីតកាល និងគុណតម្លៃ ដែល​យើង​បានកសាង និងថែរក្សានោះទេ ព្រោះថាទំនាក់ទំនងរបស់យើងទាំងអស់គ្នា មិន​កើត​ឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែតាមរយៈការប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ។ ហេតុនេះ យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗដែលយើងបានកសាងកន្លងមក ហើយខ្ញុំជឿជាក់ថា បាវចនា «អាស៊ាន ចក្ខុ​វិស័យ​តែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដ នាពេលនេះ»។ 

សម្តេចតេជោបន្តថា ជាមួយនឹងការព្យាយាម និង​កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីលះបង់របស់យើង​ តាមរយៈសមាជិកអាស៊ាននីមួយៗ និងអាស៊ានជារួម ​យើងអាចប្រកាសដោយមោទនភាពថា យើង​បាន​យកឈ្នះលើការគម្រាមគំហែង​របស់ជំងឺកូវីដ-១៩ ​ហើយបានចាប់ផ្ដើមដំណើការស្ដារឡើងវិញ ​នូវ​សកម្មភាព​សង្គម-សេដ្ឋកិច្ច។

យ៉ាងណាមិញ នាឱកាសនោះដែរ សម្តេចតេជោ ក៏​បាន​អំពាវ​នាវ​ឱ្យ​អាស៊ាន​ចូល​រួម​ថែ​រក្សា​ចំនុច​អាទិភាព​ធំ​ចំនួន៣ គឺ ឯកភាព សាមគ្គីភាព និងមជ្ឈភាព ដែលជាអាទិភាពចម្បងបំផុត ដើម្បី​ធានា​ឱ្យ​តំបន់​អាស៊ាន​ មានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត បើ​ទោះ​ជា​សេដ្ឋកិច្ច​នៅក្នុងតំបន់អាស៊ាន ងើបឡើងវិញបានបន្តិច និងឆ្ពោះទៅរកកំណើនខ្ពស់បណ្ដើរៗ ទាំងឆ្នាំនេះ និងឆ្នាំក្រោយក្តី៕