ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនសង្ហបុរី រួមគ្នាជំរុញគម្រោងផលិតថាមពលកកើតឡើងវិញនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តាម​រយៈ​ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Royal Group Power Company Ltd (RGP) និងក្រុមហ៊ុន Keppel Infrastructure Holdings Pte Ltd (KI) តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ក្រុមហ៊ុន Keppel Energy Pte Ltd (KE) កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​បឋម​ចង​កាតព្វ​កិច្ចប្រគល់សិទ្ធិផ្តាច់មុខ ដើម្បីសិក្សាលទ្ធភាពអភិវឌ្ឍន៍ និង​ប្រតិបត្តិ​ការ​រួមគ្នា​លើ​គម្រោង​ថាមពល​កកើត​ឡើងវិញនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាន៍ថា៖ « កិច្ច​ព្រម​ព្រៀង​ផ្តាច់​មុខ​ជាមួយក្រុមហ៊ុន Keppel គឺដើម្បីអភិវឌ្ឍ និងនាំចេញថាមពលរហូតដល់ ១.០០០មេហ្គាវ៉ាត់ ពី​ព្រះ​រាជា​ណាចក្រកម្ពុជាទៅសាធារណរដ្ឋសឹង្ហបូរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជូនថាមពល សម្រាប់​ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឲ្យការចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ និងក្រុមហ៊ុនទាំងពីរ»។

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា៖ «នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។ កិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងធុរកិច្ចរបស់យើង នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​អនុវត្ត​កាន់​តែទូលំទូលាយនូវ ខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយ​អនុវត្តនូវធាតុផ្សំជាគន្លឹះនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និង​ថាមពល​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ថាមពល​អាស៊ានលើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២»។



កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ KI ក្នុង​ការ​ស្វែរក​ធន​ធាន​ថាមពល​ប្រកប​ដោយ​ចីរភាព និងអាចទុកចិត្តបាន ដែលជួយគាំទ្រដល់ពាណិជ្ជកម្មថាមពលឆ្លងកាត់ព្រំដែនអាស៊ាន ដោយ​រាប់​បញ្ចូលទាំងការនាំចូលថាមពលបៃតងទៅសិង្ហបុរីផងដែរ។

លោកស្រី Cindy Lim ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន KI មានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះ ជា​ជំហានដ៏សំខាន់ក្នុងពន្លឿនការអភិវឌ្ឍធនធានថាមពលកកើតឡើងវិញ ក៏​ដូច​ជា​ចាប់​យក​កាលានុវត្តភាព​ដែលកើតចេញពី ចក្ខុវិស័យខ្សែបណ្តាញបញ្ជូញថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនីពហុភាគី លើស​ពី​ព្រំដែនអន្តរជាតិ ដោយ​រាប់បញ្ចល​ទាំងការនាំ​ចូលជា​សក្តានុពល​នូវអគ្គិសនី​ដែល​មាន​កាបូន​ទាប​ទៅ​កាន់​សិង្ហបុរី»។

លោកស្រីបានថ្លែងថា៖ «តាមរយៈកិច្ចព្រមព្រៀងនេះ មិនត្រឹមតែអាស៊ាន អាច​ឆ្លងឆ្ពោះ​ទៅរក​ថាមពល​ចម្រុះបៃតងយ៉ាងលឿនប៉ុណ្ណោះទេ គឺថែមទាំងជួយជំរុញភាពធន់នឹងថាមពលសម្រាប់សិង្ហបុរី និង​តំបន់​ផងដែរ។ ក្រុមហ៊ុន Keppel Infrastructure មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុងការ​ពង្រីក​ភាព​ជា​ដៃ​គូ​ជា​មួយកម្ពុជា និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Group Power ដើម្បី​ផ្តល់​ជូន​នូវ​ដំណោះស្រាយថាមពល រួម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលប្រកបដោយចីរភាព និង​អាច​ពង្រីក​វិសាលភាពបាន ដើម្បីបំពេញតាមកំណើនតម្រូវការក្នុងតំបន់»។

តាមរយៈកិច្ចព្រមព្រៀងនេះ ត្រូវគេរំពឹងថា នឹងជួយន្លឿនចក្ខុវិស័យបណ្តាញបញ្ជូនថាមពលអាស៊ាន នៃ​ពាណិជ្ជកម្មអគ្គិសនីពហុភាគីផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុន Royal Group Power Company Ltd. (“RGP”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Royal Group បានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ ជា​ក្រុម​ហ៊ុន​ធំ​ជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា (“Royal Group” ឬ “the Group”)។ រ៉ូយ៉ាល់គ្រុប គឺជា​ក្រុម​ហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា៕