អាស៊ាន-កាណាដា កំពុងពង្រីកទំនាក់ទំនងជាមួយគ្នាឱ្យទៅជាដៃគូយុទ្ធសាស្ត្រ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ធ្វើជាសហប្រធានជាមួយនឹងលោក ចាសស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា ក្នុងកិច្ចប្រជុំកំពូលប្រារព្ធខួបទំនាក់ទំនងអាស៊ាន-កាណាដា កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅសណ្ឋាគារ សុខាភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់នូវសំណើកាណាដា ចំពោះការពង្រីកទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ឱ្យទៅជាដៃគូយុទ្ធសាស្ត្រ។

បើតាមសម្តេចតេជោ តាមរយៈការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងកាណាដា ទៅជាដៃគូយុទ្ធសាស្ត្រ ដែលជាទិសដៅដ៏ប្រសើរសម្រាប់ជំរុញទំនាក់ទំនងកិច្ចសន្ទនា អាស៊ាននិងកាណាដា ឲ្យកាន់តែស្អិតរមួត និងកាន់តែស៉ីជម្រៅ។ សម្តេចគូសបញ្ជាក់ថា ការបើកការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅពេលថ្មីៗនេះ គឺជាការបោះជំហានជាវិជ្ជមានដំបូង ស្របតាមទិសដៅនេះ ដែលនឹងជំរុញស្តារសេដ្ឋកិច្ច នៅក្នុងតំបន់ទាំងពីរឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា រយៈពេល៤៥ឆ្នាំមកនេះ អាស៊ានបានការប្តេជ្ញា និងបំណងប្រាថ្នារួម ក្នុងការរក្សានូវសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ទាំងពីរ ភាពជាដៃគូដ៏យូរអង្វែងរបស់អាស៊ាន និងកាណាដា បាននាំមកនូវសមិទ្ធផលលេចធ្លោលើគ្រប់វិស័យ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ និងសាកលលោក ជាពិសេសលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន។

សូមបញ្ជាក់ថា ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៧៧ ក្រោយការកោះប្រជុំផ្លូវការលើកដំបូង រវាងរដ្ឋលេខាធិការកាណាដា សម្រាប់កិច្ចការបរទេស និងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន។ នៅឆ្នាំ១៩៨១ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ាន-កាណាដា ត្រូវបានចុះហត្ថលេខាដោយដាក់មូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្ម និងបច្ចេកទេសរវាងភាគីទាំងពីរ។

នៅឆ្នាំ២០២០ ការដោះដូរទំនិញទៅមក រវាងអាស៊ាន និងកាណាដា មានចំនួន ១៦,២ពាន់លានដុល្លារ និងការវិនិយោគផ្ទាល់ពីបរទេស ពីកាណាដាមកអាស៊ានឈានដល់ ៥,១ពាន់លានដុល្លារ៕