គ្រុបតេលេក្រាមឈ្មោះថា «CSX Khmer» មិនស្ថិតនៅក្រោមកម្មសិទ្ធិរបស់ផ្សារមូលបត្រកម្ពុជានោះទេ

សង្គម​និង​សេដ្ឋកិច្ច

និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា (CSX) បានចេញសេចក្តី​ ជូន​ដំណឹង​ដាច់​ដោយ​ឡែក​ពីគ្នា ដោយអំពាវនាវដល់សាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នករណីជនឆបោក ប្រមូល​ដើមទុន​ជាសាច់ប្រាក់មកវិនិយោគ ទៅក្នុងទីផ្សារគ្រីបតូ។ ​ទន្ទឹមគ្នានេះ និយ័តករមូលបត្រកម្ពុជា បានបដិសេដថា គ្រុបតេលេក្រាមឈ្មោះថា «CSX Khmer» មិនស្ថិតនៅក្រោមកម្មសិទ្ធិរបស់ផ្សារមូលបត្រកម្ពុជានោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា នាពេលថ្មីនេះ កាលពីថ្មីៗនេះ មាន​​ជនឆ្លៀតឱកាស បានបង្កើតឱ្យមានគ្រុបតេលេក្រាម មួយឈ្មោះថា «CSX Khmer» ដែល​បាន​ប្រើ​ប្រាស់ឈ្មោះ និងរូបភាពអត្តសញ្ញាណក្លែងបន្លំធ្វើជា ផ្សារមូលបត្រកម្ពុជា​ ដោយគ្មានការអនុញ្ញាត ព្រម​ទាំង​បានផ្សព្វផ្សាយពីការវិនិយោគ ក្នុងវិស័យគ្រីបតូ (Crytorurrency) តាម​រយៈ​ការប្រមូល​សមាជិក​ជាច្រើន ដើម្បីធ្វើការឆបោក ដោយប្រមែប្រមូលដើមទុនជាសាច់ប្រាក់ មកវិនិយោគទៅក្នុងទីផ្សារគ្រីបតូ និងបានសន្យាថានឹងទទួលបានដើមទុន និងប្រាក់ចំំណេញក្នុងរយៈពេលដ៏ឆាប់រហ័ស។

ផ្សារមូលបត្រកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា«សូមបដិសេធចំពោះការផ្សព្វផ្សាយនេះ និង​អះ​អាង​ជាផ្លូវការថា គ្រុបតេលេក្រាមដែលមានឈ្មោះថា «CSX Khmer» មិនស្ថិតនៅក្រោមកម្មសិទ្ធិរបស់ ផ្សារ​មូលបត្រកម្ពុជានោះទេ។ សូមអតិថិជន និងសាធារណជន មេត្តាប្រុងប្រយ័ត្នរាល់ប្រតិបត្តិការ និង​សកម្មភាព​ទាំងអស់នេះ ចៀសវាងធ្លាក់ចុះក្នុងការបោកបញ្ឆោតអូសទាញវិនិយោគ ឬ​ជួញ​ដូរ​ឧបករណ៍​ហិរញ្ញវត្ថុដែលមិនមានសុវត្ថិភាព និងអាចនាំឱ្យមានការខាតបង់រាល់ទ្រព្យសម្បត្តិ​»

គួរបញ្ជាក់ដែរថា បើតាមនិយ័តករមូលបត្រកម្ពុជាឱ្យដឹងដែរថា នាពេលថ្មីនេះ មានអង្គការ សមាគម ក្រុមហ៊ុន និងបុគ្គលមួយចំនួន បាននិងបន្តផ្សព្វផ្សាយ តាមប្រព័ន្ធអនឡាញ បណ្តាញសង្គមហ្វេសប៊ុក និងក្នុងក្រុមតេឡេក្រាម ដើម្បីកៀរគរសាធារណជន ឱ្យចូលជាសមាជិក ឬដាក់ប្រាក់ វិនិយោគដោយផ្ទាល់ ឬតាមរយៈគណនីធនាគារ នៅក្នុងគម្រោងនានា ឬគម្រោងវិនិយោគផ្សេងៗ ដោយ​សន្យា​ផ្តល់​មក​វិញ​ជា​ផលតបស្នង ឬប្រាក់ចំណេញប្រចាំខែខ្ពស់ខុសពីធម្មតា។

សេចក្តីជូនដំណឹងនេះបន្ថែមថា គម្រោងប្រភេទនេះនឹងដួលរលំក្នុងរយៈពេលដ៏ខ្លី ថ្វីត្បិតអ្នកដាក់ប្រាក់មុន បានទទួលប្រាក់ចំណូលមកក៍ពិតមែន ប៉ុន្តែអ្នកដាក់ប្រាក់បន្តក្រោយៗនឹងរងការខាតបង់ទាំងស្រុង។ ដូចនេះ ក្នុងទិសដៅការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍សាធារណជន ជាពិសេសដើម្បីចៀសវាង ពី​ការ​បោកប្រាស់របស់ជនខិលខូចក្រោមរូបភាពណាមួយ ហើយធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត របស់​សាធារណ​ជន លើអាជីវកម្មគម្រោងវិនិយោគរួម ដែលជាប្រភេទមួយនៃមូលបត្រ ដែល​នឹង​ដាក់​ឱ្យ​បោះ​ផ្សាយ​ ក្នុងពេលខាងមុខនេះ។

ហេតុនេះ និយ័តករមូលបត្រកម្ពុជា សូមអំពាវនាវឱ្យសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការដាក់ប្រាក់ជាមួយគម្រោងណាមួយ ដែលអាចឈានទៅដល់ការឆបោក ឬជាអាជីវកម្មគម្រោងវិនិយោគរួម ដោយខុសច្បាប់ ខណៈនិយ័តករមូលបត្រកម្ពុជា ក៏កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ ទៅលើក្រុមជនទាំងនោះផងដែរ៕