ជំងឺកូវីដ-១៩ បានរុញថយក្រោយនូវវឌ្ឍនភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងភាពក្រីក្រ

សង្គម​និង​សេដ្ឋកិច្ច

អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះបានសឹងតែពាក់កណ្តាលក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ប៉ុន្តែដោយការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យអត្រាភាពក្រីក្រនេះបានកើនឡើងវិញក្នុងពេលថ្មីៗ នេះ។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយធនាគារពិភពលោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍វាយតម្លៃភាពក្រីក្រក្រោមចំណងជើង “ស្តារសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ន និងភាពធន់ជាងមុន” របស់ធនាគារពិភពលោក បានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ ២០១៩/២០២០ អត្រាភាពក្រីក្រ របស់កម្ពុជាបានធ្លាក់ចុះពីកម្រិត ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២០មក អត្រានេះបានកើនឡើង ២,៨ភាគរយ ដែលមានន័យថា ប្រជាជនប្រហែល ៤៦០ ០០០នាក់បានធ្លាក់ ទៅស្ថិតនៅក្រោម កម្រិតប្រាក់ចំណូលនៃភាពក្រីក្រវិញ។

ចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ជាទសវត្សរ៍ដែលប្រទេសកម្ពុជាទទួលបានកំណើន សេដ្ឋកិច្ចឥត ឈប់ឈរ និងការកើនឡើងនៃប្រាក់ចំណូលយ៉ាងទូលំទូលាយ។ ការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់ រហ័ស រួមផ្សំជាមួយនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធ បាននាំឱ្យមានការកើនឡើងប្រាក់ឈ្នួល និងកម្រិតជីវភាព រស់នៅកាន់តែប្រសើរ។

របាយការណ៍ បានរកឃើញថា ការកើនឡើងប្រាក់ចំណូលមិនមែនកសិកម្ម ជាឧទាហរណ៍ នៅក្នុង វិស័យទេសចរណ៍ កាត់ដេរ និងសំណង់ មានចំណែកធំក្នុងការកាត់បន្ថយភាពក្រីក្រ។ កំណើនដែល នាំមុខដោយពាណិជ្ជកម្ម និងការវិនិយោគ បានជួយទ្រទ្រង់ដល់ការផ្លាស់ប្តូរជា រចនាសម្ព័ន្ធឆ្ពោះ ទៅរក វិស័យមានផលិតភាពកាន់តែខ្ពស់ ជួយបង្កើតបានការងារដែលមានប្រាក់ខែកាន់តែប្រសើរនៅក្នុងផ្នែក ផលិតកម្មនិងផ្នែកសេវាកម្ម។ កម្មករមានលទ្ធភាពផ្លាស់ចេញពីវិស័យកសិកម្មដែល មានប្រាក់ កម្រៃ ទាប ទៅធ្វើការនៅតាមវិស័យដែលមានប្រាក់កម្រៃខ្ពស់ជាង និងបង្កើនប្រាក់ចំណូលរបស់ពួកគេ។

របាយការណ៍នេះលើកអនុសាសន៍ថា កម្ពុជាគួរពិចារណាលើអន្តរាគមន៍ផ្នែកគោលនយោបាយ មួយ ចំនួន ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយបរិយាបន្ននិងធន់ជាងមុន ពីការប៉ះទង្គិច របស់ជំងឺរាតត្បាតនិងវិបត្តិសេដ្ឋកិច្ចដែលមានមកជាមួយវា។ អន្តរាគមន៍ទាំងនោះអាចរួមមាន ការផ្ទេរ សាច់ប្រាក់តាមគោលដៅកំណត់ វិធានការពង្រឹងកិច្ចគាំពារសង្គម និងការវិនិយោគលើវិស័យ សុខាភិបាល និងការអប់រំ ជាដើម៕