កម្ពុជា​ ផលិត​ដុំ​មាស​បាន​ជិត ៥តោន លើទីតាំងចំនួន ៤

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ថ្មីៗនេះ បាន​ប្រកាស​ជា​សាធារណៈ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កម្ពុជា​ចម្រាញ់​រ៉ែ​មាស​បាន​ចំនួន​ជិត ៥តោន​ហើយ (៤.៨២៥) នៅ​លើ​ទីតាំង​ចំនួន៤ ដោយ​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ក្នុង​ខេត្ដ៣ គឺខេត្ត​ព្រះវិហារ ក្រចេះ និង​ខេត្ត​មណ្ឌលគិរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​បន្ត​ថា ក្រុមហ៊ុន រឺណេសសង់ ម៉ាយណឺរ៉ល ចម្រាញ់​បាន​មាស​ច្រើន​ជាង​គេ គឺ​ប្រមាណ​ជិត ៤តោន ៦រយ​គីឡូ​ក្រាម (៤.៥៩៨) ក្នុង​ចំណោម​ក្រុមហ៊ុន​អាជីវកម្ម​ទាំង​អស់​ចំនួន៤ ដែល​កំពុង​រុករក​រ៉ែ​មាស។

សូមជម្រាបថា កម្ពុជា​បាន​ចាប់​ផ្ដើម​រុករក​មាស​ជា​លើក​ដំបូង នៅ​ការដ្ឋាន​ជីក​យក​រ៉ែ​មាស ក្នុង​ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីខែមិថុនាឆ្នាំ២០២១ ដោយក្រុមហ៊ុន Renaissance Minerals គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Emerald Resources NNL ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ការដ្ឋាន​រុករក​រ៉ែ ដែល​បាន​ចុះ​បញ្ជី​នៅ​ប្រទេស​អូស្ត្រាលី។

សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា រំពឹង​ថា នឹង​អាច​រក​ប្រាក់​ចំណូល​បាន​ពី​ពន្ធអាករ ក្នុង​មួយ​ឆ្នាំៗ ប្រមាណ ៤០លាន​ដុល្លារ​អាមេរិក ពី​គម្រោង​រុករក​រ៉ែ​មាស​ទាំង​នោះ៕