គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងបញ្ចប់ការសិក្សានៅដើមឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ភ្ជាប់ពីស្រុកកោះធំ ខេត្តកណ្តាល ទៅកាន់ខេត្តកែប នឹងបញ្ចប់ការសិក្សានៅចុង ខែមករា ឆ្នាំ២០២៣ នេះបើតាមការប្រជុំសម្រេចរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងនេះត្រូវបានសិក្សាលម្អិតដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) រួមជាមួយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd និងមានមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យ និងពិភាក្សា លើការងារបច្ចេកទេសសំខាន់ៗមួយចំនួន រួមទាំងបានពិនិត្យ លើលទ្ធផលនៃការវិភាគ និងវាយតម្លៃផលប៉ះពាល់នានាលើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួន ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោងនេះ ។

លើសពីនេះឯកឧត្តមទេសរដ្ឋមន្រ្តី លោកបានណែនាំដល់ក្រុមការងារបច្ចេកទេសរបស់ក្រសួង ត្រូវធ្វើការសហការជាមួយ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប៉ាន់ប្រមាណលើតម្លៃបឋម នៃទំហំផលប៉ះពាល់របស់គម្រោងនេះ ដើម្បីលើកយកមកពិនិត្យ និងពិភាក្សានាពេលបន្ទាប់។

សូមជម្រាបជូនថា គម្រោងនេះបានសិក្សាដល់ដំណាក់កាលទី២ហើយ បន្ទាប់ពីបានទទួលចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ដែលគម្រោងនេះ សិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកានត់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕