សម្តេច ហ៊ុន សែន៖ អាស៊ាន-ចិន ចាំបាច់ត្រូវផ្តោតលើការបង្កើនកិច្ចសហការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ាន និងចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់កាន់តែខ្លាំងថែមទៀត។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចតេជោ ថា ការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលដ៏អស្ចារ្យដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និងកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ។ 

សម្ដេចតេជោ ហ៊ុន សែន ក៏មានសង្ឃឹមជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាន និងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និងការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន- អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរឱ្យកាន់តែមានសក្ដានុពលប្រកបដោយថាមវន្តបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្ថិតក្នុងបរិការណ៍នេះដែរ អាស៊ាន-ចិនត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពិសេសចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ច, ការលុបបំបាត់របាំងពាណិជ្ជកម្ម, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗពីសេដ្ឋកិច្ចឌីជីថល, កំណើន បៃតង, អន្តរកាលថាមពល និងការបង្កើនសមត្ថភាពសហគ្រាសមីក្រូ, ធុនតូច និង មធ្យម (MSMEs) ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី និងជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា៕ អត្ថបទ៖ រង្សី