រាជរដ្ឋាភិបាល កំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវរាជធានីភ្នំពេញតាមឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី

សង្គម​និង​សេដ្ឋកិច្ច

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើកឡើងថា រាជរដ្ឋាភិបាលបាននឹងកំពុងពិចារណាក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញតាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម រវាងលោករដ្ឋមន្ត្រី ជាមួយឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរមានភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីការបរទេស ក៏ដូចជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រជាជាតិទាំងពីរ និងមានការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីយ៉ាងសំខាន់ ជាមួយនិងការចូលរួមចំណែកចាំបាច់របស់ឥណ្ឌូនេស៊ីនៅក្នុងដំណើរការសន្តិភាពក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគីដែលកំពុងតែរីកលូតលាស់ និងបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ ចំណែកឯវិស័យសេដ្ឋកិច្ច មានការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកក្តីសង្ឈឹមរួម ចំពោះការចាប់ដំណើរការឡើងវិញនូវជើងហោះហើរត្រង់រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពសម្រាប់ការចូលរួមរបស់ឥណ្ឌូនេស៊ីក្នុងគម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជារួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ៕