សម្តេចតេជោនាយករដ្ឋមន្រ្តី ស្នើសុំវិនិយោគិនកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយលោក អូ មីយុង អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឪកាសនោះសម្ដេចតេជោ ហ៊ុន សែន ស្នើសុំឲ្យកូរ៉េជួយធ្វើការផ្សព្វផ្សាយ និងជំរុញអ្នកវិនិយោគ សម្លឹងមកកម្ពុជាបន្ថែម លើកកត្តាអំណោយផល ខណៈដែលកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ បើតាមសម្តេចតេជោ កម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េ ជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ, កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុនទាំងអស់ ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឲ្យពលករដោយមិនតម្រូវឱ្យមានការទៅប្ដូរប្រាក់នៅធនាគារឡើយ។

ជាមួយគ្នានោះដែរ កម្ពុជា ក៏មានវត្ថុធាតុដើមដូចជា ស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំលោក អូ មីយុង អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េទាំងមូល ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកម្ពុជាផងដែរ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា គណៈប្រតិភូកូរ៉េ បានសង្កេតឃើញថា កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត ព្រមទាំងមានភាពអនុគ្រោះខ្លាំងណាស់សម្រាប់ការវិនិយោគមកពីប្រទេសកូរ៉េ នោះគឺកម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី, កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកម្ពុជា មិនមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិនោះទេ ។ អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់ អំពីស្ថានភាពវិនិយោគនៅកម្ពុជា។

របាយការណ៍របស់សមាគម​ពាណិជ្ជកម្ម​អន្តរជាតិកូរ៉េ (KITA) បង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងសម្រេចបាន ៩៦២ លានដុល្លារក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ កើនឡើងជាង ១០ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

បើតាមរ​​បាយការណ៍ បានឱ្យដឹងថា រយៈពេល ១១ខែនេះ កម្ពុជា​ បាន​នាំ​ចេញ​ទំនិញ​ទៅទីផ្សារ​កូរ៉េ​ខាង​ត្បូង​ ​មាន​តម្លៃ ៣៧៣ លាន​ដុល្លារ កើន​ឡើង ២១ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ការនាំចេញរបស់កម្ពុជា មានដូចជា ស្បែកជើង សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ភេសជ្ជៈ គ្រឿងអគ្គិសនី អេឡិចត្រូនិច កៅស៊ូ ឱសថ និងផលិត​ផលកសិកម្មជាដើម។

ដោយឡែក កម្ពុជា ​បាន​នាំ​ចូល​​មាន​តម្លៃ ៥៨៩ លាន​ដុល្លារ កើន ៥ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន។ ផលិតផលដែលកម្ពុជា បាននាំចូល រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិច ឧបករណ៍ផ្ទះបាយ ភេសជ្ជៈ ឱសថ ផលិតផលប្លាស្ទិក និងផលិត​ផលសម្រេច។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) បានចាប់ផ្តើមជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យមានកំណើនជាលំដាប់ ក្រោយពីកិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២២។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគដោយផ្ទាល់ពីកូរ៉េចំនួន ២១៩ ដែលមាន​តម្លៃសរុប ៥ ពាន់លានដុល្លារ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ ដោយមួយផ្នែកធំជាគម្រោងសំណង់ និងអចលនទ្រព្យ៕