ឆ្នាំ២០២២ កម្ពុជារកលុយបាន ១ពាន់ ៧៧លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ សម្រេចបាន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ទិន្នន័យដដែលបង្ហាញថា ប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ស្វាយចន្ទី​ជា​កសិផល​ដែល​បានផ្តល់​តម្លៃបន្ថែម​ខ្ពស់ រួមជាមួយ​ទស្សនវិស័យ​រយៈពេល​វែង​ពោលគឺ ប្រាក់ចំណូល​ពី​តម្រូវការ​សម្រាប់​ទំនិញ​ប្រណិត​ប្រភេទ​នេះ​មានការ​កើនឡើង​។​ នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ គឺពូជ M23 ដែលមានទំហំគ្រាប់ធំ និងមានរសជាតិឆ្ងាញ់។ ជាមធ្យម ក្នុងមួយហិកតា ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។

តាម​ការប៉ាន់ស្មាន មាន​កសិករ​ចំនួន ២២,០០០ នាក់ ហើយ​មាន​ប្រជាជន​ប្រមាណ​ជា ៣៨,០០០ នាក់ កំពុង​បម្រើការ​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ស្វាយចន្ទី បូករួម​ទាំង​កំលាំង​ពលកម្ម​ប្រចាំ​រដូវ​ផងដែរ​។ បច្ចុប្បន្ននេះ​ទិន្នផល​ស្វាយចន្ទី​ស្ទើរតែ​ទាំងអស់​ត្រូវបាន​នាំចេញ​ក្រោមរូបភាព​មិនទាន់​កែច្នៃ ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ការងារ​បន្ថែមចំនួន ១០,០០០ ទៀត​ប្រសិនបើ​ផលិតផល គ្រាប់ស្វាយចន្ទី​ឆៅ​ទូទាំងប្រទេស​កម្ពុជា​ត្រូវបាន​កែច្នៃ និង​វេច​ខ្ចប់​ក្នុងស្រុក (EIC២០០៧)​។

សូមជម្រាបថា ​ផលិតផល​គ្រាប់ស្វាយចន្ទី​ឆៅ​ក្នុង​ពិភពលោក មានការ​កើនឡើង​១២​ដង​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុង​ក្រោយនេះ​ពោលគឺ​ចាប់ពី​តិចជាង​៣០០,០០០​តោន​ក្នុង​ឆ្នាំ​១៩៦១ ដល់​៣,៧ លាន​តោន​ក្នុង​ឆ្នាំ​២០០៨។ ការដាំដុះ​មានការ​កើនឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះហើយ​ផលិតផល​ស្ទើរតែ​កើនឡើង​ទ្វេដង​ពី​ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ​ការកើនឡើង ២៧​ភាគរយ​នូវ​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ពិភពលោក ហើយ​ទិន្នផល​ជា​មធ្យម​ក្នុង​ពិភពលោក​កើនឡើង​ជាង ៥០​ភាគរយ។

រដ្ឋាភិបាល​កម្ពុជា​ ថ្មីៗនេះ បាន​អនុម័ត​សេចក្ដី​ព្រាង​ «គោល​នយោបាយ​ជាតិ​ ស្តីពី​ស្វាយចន្ទី​ឆ្នាំ​២០២២-​២០២៧»​ ក្នុង​គោល​បំណង​ជំរុញ​កំណើន​កសិពាណិជ្ជកម្ម​ ដោយ​អភិវឌ្ឍន៍​ផលិតកម្ម​ កែច្នៃ​ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង។​ ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី១៣ ​មករា។ ​

សេចក្ដីព្រាង «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧» ដែលមាន ៧ ផ្នែក និងឧបសម្ព័ន្ធចំនួន ២ មានគោលដៅចម្បងចំនួន ៣ រួមមាន បង្កើនទិន្នផលនៃការផលិតស្វាយចន្ទីដែលមានគុណភាព ជំរុញការធ្វើឧស្សាហូបនីយកម្មដោយប្រមូលនិងកែច្នៃស្វាយចន្ទីឱ្យសម្រេចបាន២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០ភាគរយ នៅឆ្នាំ២០៣២ និងជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ឬការពង្រីកទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម ជាដើម៕