តម្លៃជ្រូកធ្លាក់ចុះមិនឡើងវិញ ធ្វើឱ្យប្រជាកសិករ ៨០% លែងចង់បន្តរបរចិញ្ចឹមជ្រូកទៀត

សង្គម​និង​សេដ្ឋកិច្ច

រយៈពេលថ្មីៗនេះប្រជាកសិករដែលជាអ្នកចិញ្ចឹមជ្រូកមានការត្អូញត្អែរពីតម្លៃជ្រូកធ្លាក់ចុះខ្លាំង តែចំណីជ្រូក​បែរ​ជាឡើងថ្លៃ ដូច្នេះមិនសមាមាត្រគ្នាក្នុងការចិញ្ចឹមជ្រូកនោះទេ។ បើតម្លៃជ្រូកនៅតែមិនឡើងវិញបែបនេះ នោះ​ប្រជាកសិករ​ប្រមាណ​ពី ៧០% ទៅ ៨០% អាចនឹងនាំគ្នាឈប់ប្រកបរបរចិញ្ចឹមជ្រូកនេះទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ភុន សុផល កសិករចិញ្ចឹមជ្រូកមួយរូបស្ថិតនៅ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងប្រាប់ សារព័ត៌មាន ឧកញ៉ាញ៉ូស៍ ថាកាលពីឆ្នាំមុន តម្លៃជ្រូកសាច់គឺល្អ កសិករអាចលក់ មួយគីឡូបានពី ១១០០០៛ ដល់ ១១៥០០៛ ចំណែកឯកូនជ្រូកវិញ កសិករអាចលក់ចេញបានពី ៣០០០០០៛ ដល់ ៣៥០០០០៛ បើជា​ពូជល្អទៀត អាចលក់បានរហូតទៅដល់ ៤០០០០០៛។

ដោយឡែកក្នុងឆ្នាំនេះ យើងសង្កេតឃើញថាតម្លៃជ្រូកសាច់ គឺមានការធ្លាក់ចុះមែនទែន នេះមិនមែនមានន័យថា​ក្នុងឆ្នាំមុនមិនធា្លក់ចុះទេ តែតម្លៃនៃការធ្លាក់ចុះនៅឆ្នាំមុនគឺមានរយៈពេលខ្លី ប៉ុន្តែសម្រាប់ឆ្នាំនេះ គឺមានរយៈពេល​យូរ ហើយតម្លៃនៃការធ្លាក់ចុះក្នុងឆ្នាំមុន គឺចុះមកត្រឹមតែ៨០០០០៛ តែប៉ុណ្ណោះ ដោយឡែកក្នុងឆ្នាំនេះ​គឺធ្លាក់​មកដល់៧០០០០៛ ហើយស្របពេលជាមួយគ្នានេះដែរ ចំណីជ្រូកក៏ឡើងថ្លៃទៀត ដូច្នេះតម្លៃនៃការលក់ជ្រូក​ចេញ វាមិនសមស្របជាមួយថ្លៃចំណី ពេលវេលា និងកម្លាំងដែលកសិករខំចិញ្ចឹមជ្រូកនោះទេ។

លោក ភុន សុផល បានបន្តទៀតថា កត្តាដែលធ្វើឱ្យតម្លៃជ្រូកធ្លាក់ថ្លៃនេះ វាអាចបណ្ដាលមកពីកត្តាមួយ​ចំនួន​ដូចជា ជំងឺជ្រូកផ្ទុះឡើង។ នៅពេលដែលជ្រូកផ្ទុះជំងឺ គឺអាចធ្វើអោយប្រជាកសិករភ័យខ្លាចជំងឺ និងអាចបណ្ដាល​ឱ្យ​ជ្រូកស្លាប់នៅក្នុងកសិដ្ឌាន ហេតុនេះទើបធ្វើឱ្យ​ប្រជាកសិករសម្រុកលក់ជ្រូក ហើយក៏ធ្វើអោយជ្រូកធ្លាក់ថ្លៃ។ មួយវិញទៀតពាក់ព័ន្ធជាមួយការលក់សាច់ជ្រូកបង្កក ដែលនាំចូលមកពីក្រៅប្រទេស ទោះបីជា អគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករកម្ពុជា បានចាត់វិធានការក្នុងការនាំចូលសាច់ជ្រូកបង្កកខុសច្បាប់មកប្រទេសកម្ពុជាក្ដី ក៏យើងបាន​សង្កេតឃើញមានការដាក់លក់សាច់ជ្រូកបង្កក នៅលើបណ្ដាញសង្គមជាហូរហែរ។

កសិករមិនបញ្ចេញឈ្មោះមួយរូប ស្ថិតនៅ ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្ហើបឱ្យ​ សារព័ត៌មាន ឧកញ៉ាញ៉ូស៍ បានដឹងថា​ផង​ដែរ​ថា​ ហេតុដែលនាំឱ្យ​ជ្រូកមានតម្លៃធ្លាក់ចុះនេះ ក៏អាចបណ្ដាល​មក​ពីការលួចនាំចូលជ្រូករស់ខុសច្បាប់តាមជាយដែនពីសំណាក់ឈ្មួញផងដែរ។ ឈ្មួញមួយចំនួន​ក៏បាននិយាយ​ប្រៀបធៀបរវាងជ្រូកដែលនាំចូលពីបរទេស និងជ្រូករបស់ប្រជាកសិករកម្ពុជា ដើម្បីទម្លាក់តម្លៃរបស់ជ្រូក​ប្រជា​កសិករកម្ពុជាថែមទៀតផង។

លោក ភុន សុផល ក៏បានលើកឡើងដែរថា កាលពីឆ្នាំមុន មុនពេលចូលឆ្នាំចិនមួយអាទិត្យ​ទៅដប់ថ្ងៃគឺមានឈ្មួញ​បាន​មករកទិញជ្រូកយកទៅខ្វៃជាច្រើនទៅស្តុកទុក ហើយតម្លៃវិញគឺអាចបានដល់ទៅ ៣០០០០០៛ ទៅ ៤០០០០០៛ ក្នុងមួយក្បាល តែចំណែកឆ្នាំនេះវិញ គឺហាក់បីដូចស្ងាត់ឈ្មួញមករកទិញជ្រូកយកទៅខ្វៃមែនទែន បើមានក៏ទិញតែមួយឬពីរក្បាលប៉ុណ្ណោះ ហើយតម្លៃវិញគេឱ្យ​ត្រឹមតែ ១៥០០០០៛ ទៅ ២០០០០០៛ ក្នុងមួយ​ក្បាល។

លោក ភុន សុផល បានយល់ឃើញថា បើសិនជាតម្លៃជ្រូកនៅតែធ្លាក់ចុះ ហើយនៅតែមានការនាំចូលលក់សាច់​ជ្រូក​បង្កកច្រើននៅលើទីផ្សារទៀត ប្រជាកសិករពី៧០%ទៅ៨០% អាចនឹងនាំគ្នាឈប់ប្រកបរបរនេះហើយ ដូច​ដែលយើងឃើញស្រាប់ប្រជាកសិករមួយចំនួនចាប់ផ្ដើមបោះបង់ការប្រកបរបរចិញ្ចឹមជ្រូកនេះហើយ ពីព្រោះមាន​ការខាតបង់​ច្រើន។ លោកក៏បានសំណូមទទូចស្នើរសុំដល់រដ្ឋាភិបាល ជួយ​ធ្វើឱ្យ​តម្លៃជ្រូកមានភាពល្អប្រសើរ​ឡើង​វិញ ដើម្បីឱ្យ​ប្រជាកសិករខ្មែរមានកម្លាំងចិត្តក្នុងការប្រកបរបរនេះតទៅទៀត៕