សម្តេច ហ៊ុន សែន ហាមកុំឱ្យយកកម្ពុជា ទៅភ្ជាប់នឹងបញ្ហាយោធានៅអ៊ុយក្រែនតទៅទៀត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលចង់រៀនពីការដោះមីននៅកម្ពុជា ខណៈសម្តេចថា ការជួយបណ្តុះបណ្តាលលើការបោសសម្អាតមីន គឺជាការងារមនុស្សធម៌សុទ្ធសាធ។ ទន្ទឹមគ្នានេះ សម្តេចតេជោ បានហាមកុំឱ្យយកកម្ពុជា ទៅភ្ជាប់នឹងបញ្ហាយោធានៅអ៊ុយក្រែនតទៅទៀតផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបោសសម្អាតមីន គឺជាកិច្ចការ ដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវចូលរួម ហេតុនេះសម្តេចបានស្វាគមន៍គ្រប់ប្រទេស ដែលចង់រៀនពីការដោះមីននៅកម្ពុជា ខណៈមានប្រទេសកូឡុមប៊ី បានមករៀនជំនាញនេះនៅកម្ពុជាច្រើនជាងគេផងដែរ។ 

សម្តេចបានបញ្ជាក់បន្ថែមដូច្នេះថា៖«ខ្ញុំក៏សូមបញ្ជាក់ ក្នុងឋានៈជាអ្នកសម្រេចចិត្តខាងនយោបាយ ដែលទទួលការខុសត្រូវ លើនយោបាយ ក្នុងប្រទេសនិងក្រៅប្រទេស បញ្ជាក់អំពីការទទួលខុសត្រូវថា កម្ពុជានឹងទទួលយកអ្នកណាក៏ដោយ ប្រទេសណាក៏ដោយដែលចង់រៀនដោះមីន សូមមករៀនពីកម្ពុជា។ អញ្ចឹងទេ សូមកុំឲ្យកម្ពុជា ចូលពាក់ព័ន្ធនឹងសកម្មភាពយោធា នៅអ៊ុយក្រែន»។

គួរបញ្ជាក់ថា ការលើកឡើងពាក់ព័ន្ធនឹងរឿងដោះមីនរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នាពេលនេះ គឺធ្វើឡើងបន្ទាប់ពី ថ្មីៗនេះ សិក្ខាកាមរបស់អ៊ុយក្រែន ទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍លើទីលានចំការមីនជាក់ស្តែង ក្រោមការសហការរវាងគ្រូជំនាញបច្ចេកទេស របស់អង្គភាពស៉ីម៉ាក់ រួមជាមួយនឹងការបង្ហាញបន្ថែម លើឧបករណ៍បច្ចេកវិទ្យាម៉ាស៉ីនរាវមីន ក្រោយពួកគេបានមកកម្ពុជា ដើម្បីរៀនសូត្រ និងទទួលយកបទពិសោធន៍នៃការដោះមីននៅកម្ពុជា។ ប៉ុន្តែសកម្មភាពនេះ បែរជាមានការបំភ្លៃព័ត៌មានថា កម្ពុជាផ្តល់ជំនួយយោធាដល់អ៊ុយក្រែនទៅវិញ។ 

យ៉ាងណាមិញ ចំពោះសកម្មភាពនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា កម្ពុជាមិនបានផ្តល់ជំនួយ ឬបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ សូមកុំមានការភាន់ច្រឡំ។ ឯរឿងបញ្ជូនកម្លាំងអ្នកដោះមីនទៅបណ្ដុះបណ្តាលការដោះមីននៅអ៊ុយក្រែនជារឿងមនុស្សធម៌សុទ្ធសាធ ដូច្នេះសម្តេចបានហាមកុំយកកម្ពុជា ទៅភ្ជាប់នឹងបញ្ហាយោធានៅអ៊ុយក្រែនតទៅទៀត៕ អត្ថបទ៖ ពិសី