កម្ពុជា ទទួលបានប្រាក់ចំណូលពីអាជីវកម្មរ៉ែមាសប្រមាណ១៥លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

 នៅត្រឹមបំណាច់ឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណូលពីការធ្វើអាជីវកម្មរ៉ែមាស ប្រមាណ១៥លានដុល្លារអាមេរិកក្នុងបរិមាណមាសជាង៥តោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសមកដល់សព្វថ្ងៃដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម មានចំនួន ៧ក្រុមហ៊ុននិងមាន៤ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្ម ក្នុងនោះមានខេត្តចំនួន ៤មានខេត្តមណ្ឌលគិរី,រតនគិរី,បាត់ដំបងនិងខេត្តព្រះវិហារ ប៉ុន្តែក្រុមហ៊ុនដែលធ្វើអាជីវកម្មដែលបានដើរដោយរលូនហើយផលច្រើនជាងនោះគឺក្រុមហ៊ុនរឺនេសង់ ដែលមានទីតាំងនៅក្នុងខេត្តមណ្ឌលគិរី ដែលជាក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី ដោយឡែកក្រុមហ៊ុនដទៃទៀតកំពុងធ្វើអាជីវកម្មដែលប៉ុន្តែទទួលបានផលតិចតួច ដោយសារកត្តាវិបត្តិជំងឺកូវីដ១៩កន្លងមក។ 

ក្នុងឆ្នាំ២០២២កម្ពុជាចម្រាញ់មាសបាន ៥៣០០គីឡូក្រាម ឬស្មើប្រមាណ ៥,៣តោនគិតចំណូលសួយសារបង់ចូលថវិកាជាតិសរុបប្រមាណ១៥លានដុល្លារអាមេរិក។ ពាក់ព័ន្ធនិងការធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា កន្លងមក បើតាម លោក  ស៊ុយ  សែម  រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរ៉ែ កាលពីចុងឆ្នាំ២០២២កន្លងទៅថា ការធ្វើអាជីវកម្មរ៉ែមាសនេះ ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំ ចុងក្រោយនេះ ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង បានឈានទៅធ្វើអាជីវកម្មជាបណ្តើរៗ នៅតាមតំបន់ទីតាំងផ្សេងៗគ្នា ជាលក្ខណៈឧស្សាហកម្មខ្នាតតូចផង និងជាឧស្សាហកម្មខ្នាតធំផង។ 

ទាក់ទងអាជីវកម្មរ៉ែមាសនេះ គិតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនចំនួន ៤ ដែលកំពុងប្រតិបត្តិធ្វើអាជីវកម្មចម្រាញ់មាស សរុបបានជិត ៥ តោនមាសរួចហើយ ក្នុងនោះក្រុមហ៊ុន Xing Yuan Kanng Yeak ចម្រាញ់មាសបានចំនួន ២២ គីឡូក្រាម, ក្រុមហ៊ុន Xinshan Industrial Cambodia បាន ៤៥ គីឡូក្រាម, ក្រុមហ៊ុន Delcom Kampuchea ចំនួន ១៦០ គីឡូក្រាម ដោយក្រុមហ៊ុនទំាងបីនេះចម្រាញ់ចេញជាមាសទឹក១០ ។ ចំណែកក្រុមហ៊ុន Renaissance Minerals Investment ដែលជាក្រុមហ៊ុនឧស្សាហកម្មខ្នាតធំ ចម្រាញ់មាសទឹក ៩ បានចំនួនប្រមាណ ៤ ៥៩៨ គីឡូក្រាមផងដែរ។ 

សូមបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាសទាំង៤ ខាងលើ ក្នុងនោះ Renaissance Minerals Investment មានទីតាំងធ្វើអាជីវកម្មនិងចម្រាញ់មាស ស្ថិតនៅតំបន់អូរខ្វាវ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia តំបន់ភ្នំម្លុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak នៅតំបន់អូរខ្លិកខ្លក់ ស្រុកសំបូរ ខេត្តក្រចេះ, និងក្រុមហ៊ុន Delcom Kampuchea មានទីតាំងនៅតំបន់ភ្នំអន្លុង ស្រុករវៀង ខេត្តព្រះវិហារ៕