ដោយហេតុស្រឡាញ់ បុរសម្នាក់នៅខេត្តសៀមរាប ប្រឹងសន្សំលុយជាង ៣០ឆ្នាំ សង់ផ្ទះម៉ូដយន្ដហោះបានសម្រេច

សង្គម​និង​សេដ្ឋកិច្ច

ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងលើម៉ូតផ្ទះយន្តហោះនៅខេត្តសៀបរាបដែលមានលោក ច្រាច់ ពៅ ជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ច្រាច់ ពៅ ជាមេការសំណង់បានលើកឡើងជុំវិញបញ្ហាសាងសង់ផ្ទះជារូបយន្តហោះនេះថា រូបលោកស្រឡាញ់និងចូលចិត្តយន្តហោះ ហើយមានបំណងប្រាថ្នាចង់រស់នៅលើយន្តហោះ ចង់ដេកពេលរាត្រីលើយន្តហោះ និងចង់ធ្វើអ្វីផ្សេងៗលើយន្តហោះ។

បុរសពោះម៉ាយ មានវ័យ ៤៣ឆ្នាំដែលជាម្ចាស់ផ្ទះបានបន្តថា ក្នុងការបំពេញក្ដីស្រម៉ៃនេះលោកបានខិតខំធ្វើការសន្សំលុយតាំងពីមួយថ្ងៃរកបាន៣០០០រៀល ដែលការងាររបស់លោកពេលនោះជាកម្មករសំណង់ រហូតលោករលាស់ខ្លួនក្លាយទៅជា ជាងម៉ៅការសំណង់ដែលមានចំណេះជំនាញច្បាស់លាស់ប្រើរយៈពេលជាង៣០ឆ្នាំទើបលោកអាចផ្ដើមគម្រោងសាងសង់ផ្ទះនេះបាន។

លោកបន្តទៀតថា បច្ចុប្បន្ននេះលោកមានកូន៣នាក់ ក្នុងនោះកូនប្រុសម្នាក់ កូនស្រីពីរនាក់ ហើយភរិយាបានទទួលមរណភាពហើយកាលពីឆ្នាំ២០១៣។ លោកក៏បានបង្ហើបផងដែរថា បច្ចុប្បន្នលោកកំពុងស្រឡាញ់ស្រ្ដីមេម៉ាយម្នាក់ដែលនឹងរៀបចំសែនព្រេនឆាប់ៗនេះផងដែរ។


ជុំវិញរឿងរ៉ាវនេះ លោកច្រាច់ ពៅ បានរៀបរាប់ថា ជីវិតជាកម្មករសំណង់គ្មានឱកាសនឹងបានជិះយន្តហោះផ្ទាល់នោះទេ នៅពេលលោកចេញពីធ្វើការតែងតែឃើញយន្តហោះបើកកាត់ និងទីតាំងផ្ទះរបស់លោកជិតអាកាសយានដ្ឋានសៀមរាបដែរនោះ ជាកត្តាលីករជម្រុញលោកឱ្យខិតខំទ្វេឡើងដើម្បីសម្រេចក្ដីស្រម៉ៃ។

គួរបញ្ជាក់ផងដែរថា លោក ច្រាច់ ពៅ មានទីលំនៅស្ថិតនៅភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ។ ហើយផ្ទះយន្តហោះពណ៌ស ដែលសាងសង់នេះ ចាប់ផ្ដើមតាំងពីខែមីនា ឆ្នាំ២០២២ រហូតដល់ដើមខែមករា ឆ្នាំ២០២៣ ទើបបញ្ចប់ការសាង់សង់។ ដែលក្នុងផ្ទះនេះ មានបន្ទប់គេង២បន្ទប់ បន្ទប់ទឹក២ និងប្រើអណ្ដូងស្នប់ដើម្បីទាញទឹកមកប្រើប្រាស់សព្វថ្ងៃ៕