ទូបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នីមួយៗជាមធ្យមប្រមូលបានខ្ទង់ ១០លានរៀលក្នុងមួយថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃរយៈពេល១ខែ កាលពីថ្ងៃទី​០១​ ខែតុលា​ ឆ្នាំ២០២២កន្លងទៅ។ ក្រោយមកក្រុមហ៊ុនក៏យកសេវាបង់ប្រាក់ក្នុងការធ្វើដំណើរទៅតាមច្រកចេញ-ចូលចំនួន ៨ទីតាំង និងប្រភេទរថយន្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ គឺមានរយៈពេលចំនួន ៤ខែហើយ ដែលក្រុមហ៊ុនដាក់ឲ្យដំណើរការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយទទទួលបានការអបអរសាទរ ដើម្បីចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ​ក្រោយ​ការដាក់​ការសាកល្បង​ចរាចរណ៍​ ផ្លូវ​ល្បឿនលឿនដំបូងនេះ​មាន​ភាព​មមាញឹក​ខ្លាំង​ដោយ​ទទួលបាន​ចំនួន​យានយន្ត​ជា​លក្ខណៈ​ទេសចរ​ណ៍​៧០​ភាគរយ​និង​រថយន្ត​ដឹក​ទំនិញ​ ៣០ ​ភាគរយ ​ដោយ​ក្នុង ​១ ​ថ្ងៃ មាន​យានយន្ត​ជិះ​កាត់​រង្វង់​ ១​ ម៉ឺន​គ្រឿង ​និង​ ១​ ម៉ឺន​ ៥ ​ពាន់​គ្រឿង​ រៀង​រាល់ថ្ងៃ​សៅរ៍ ​និង​អាទិត្យ ហើយក្នុងរយៈពេលមួយខែនៃការបើកសាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានរថយន្តចំនួនជិត ៤៤ម៉ឺនគ្រឿងបានធ្វើចរាចរណ៍។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះ ភ្នាក់ងារអ្នកទទួលការបង់ប្រាក់ម្នាក់បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ កាលពីថ្ងៃអាទិត្យ ទី២៩មករាម្សិលមិញថា គិតជាមធ្យមនៅក្នុងទូនីមួយៗ ប្រមូលប្រាក់បានប្រមាណ ១០លានរៀលក្នុងមួយថ្ងៃ ពីការបង់ប្រាក់ប្រើប្រាស់ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ។ លោកបញ្ជាក់ថា ចំនួន១០លានរៀលក្នុងមួយថ្ងៃនេះ ក៏មានទូនៅតាមច្រកចេញទីតាំងមួយចំនួនប្រមូលប្រាក់បានប្រមាណ ៧លានរៀលប៉ុណ្ណោះ ដោយផ្អែកលើការធ្វើចរាចរណ៍ និងថ្ងៃឈប់សម្រាក ឬពិធីបុណ្យនានា។

លោកបញ្ជាក់បន្ថែមថា គ្រប់រថយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿនទាំងអស់ គឺសុទ្ធតែបានបញ្ចុះតម្លៃចំនួន ២០ភាគរយ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ហើយចំពោះការបង់ប្រាក់នឹងគិតតាមចម្ងាយជាក់ស្តែង។

សូមជម្រាបថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ ដើម្បីសាងសង់។ ផ្លូវ High Way នេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គន្លងផ្លូវមានចំនួន៤ ដែលប្រវែងទទឹង ២៤,៥ ម៉ែត្រ និងមានផ្លូវបំបែកទិស ៧កន្លែង។ ក្រៅពីមានផ្លូវបំបែកទិស ក៏មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង, ចំណតរថយន្ត ១កន្លែង, មណ្ឌលប្រតិបត្តិការនិងថែទាំរថយន្ត ៤កន្លែង។ ផ្លូវនេះ ឆ្លងកាត់មានខេត្តកំពង់ស្ពឺប្រវែង ៨០,៨គីឡូម៉ែត្រ, កោះកុងប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕