គុណសម្បត្តិធំៗចំនួន២ ត្រូវបានគេលើកឡើង និងចងចាំរបស់លោក ហ៊ុន ម៉ាណែត ក្រោយត្រលប់ពីការសិក្សា

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ុន ម៉ាណែត បានចូលបម្រើក្នុងជួរកងទ័ពជាតិកម្ពុជា នាឆ្នាំ១៩៩៤ មុនពេលលោកចាកចេញទៅបន្តការសិក្សាវិជ្ជាយោធា នៅសាលាបណ្ឌិតសភាយោធានៅសហរដ្ឋអាម៉េរិក ឆ្នាំ១៩៩៦ ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានត្រលប់មកកម្ពុជាវិញ នៅឆ្នាំ១៩៩៩។ នេះបើយោងតាមអត្ថបទសៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល» ជាស្នាដៃនិពន្ធរបស់ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្រ្តី ចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល» លោក ពៅ សុខ បានអធិប្បាយថា នៅឆ្នាំ១៩៩៩ គឺជាឆ្នាំ ដែលកម្ពុជាទើបតែទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស និងការចូលជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ដំណាក់កាលនេះ ក្រៅពីការល្បីកក្រើកពីការវិលត្រលប់របស់លោកពីការសិក្សាវិញ ពុំមានប្រភព ព័ត៌មានណាមួយលេចឮថា លោក ហ៊ុន ម៉ាណែត បម្រើការងារនៅទីណា ក្នុងឋានៈអ្វីទេ រហូតដល់ឆ្នាំ២០០៨ ដល់២០១១ នៅពេលជម្លោះព្រំដែន កម្ពុជា ថៃ កើតឡើងនៅតំបន់ប្រាសាទព្រះវិហារ ទើបកេរ្តិ៍ឈ្មោះរបស់លោក ចាប់ផ្តើមល្បីខ្ទរខ្ទារឡើងម្តងទៀត តាមរយៈសារព័ត៌មានបរទេសធំៗ។ នៅឆ្នាំ២០០៨ លោក ហ៊ុន ម៉ាណែត ទើបតែមានអាយុ៣១ឆ្នាំ។

មន្រ្តីជាន់ខ្ពស់យោធាមួយចំនួននិយាយថា នៅលើសមរភូមិព្រំដែនប្រាសាទព្រះវិហារ ប្រសិនបើមិនមានវត្តមាន ឬការចូលរួមរៀបចំការប្រយុទ្ធរបស់លោក ម៉ាណែត ទេ ការប្រយុទ្ធអាចនឹងជួបការលំបាកខ្លាំង ហើយក៏នឹងមិនអាចធ្វើឱ្យថៃរត់ផាសក្រញាំរកតុចរចា ឬធ្វើដំណើរទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេដែរ ព្រោះថៃមានយុទ្ធភណ្ឌទំនើប និងកម្លាំងទ័ពច្រើនជាងកម្ពុជា។

ខ្លឹមសារនៃសៀវភៅដដែល ឲ្យដឹងថា ក្រោយពីត្រលប់ពីការសិក្សា លោក ម៉ាណែត បានចូលរួមសកម្មភាពការងារ ជាច្រើនជាមួយក្រសួងការពារជាតិ ក្នុងនោះមានគុណសម្បត្តិធំៗចំនួន២ ដែលត្រូវបានគេលើកឡើង និងចងចាំ គឺការបង្កើតអង្គភាពប្រឆាំងភេរវកម្មក្រសួងការពារជាតិ និងការបង្កើតសមាគមយោធិនពិការ និងអតីតយុទ្ធជន។

សហការីដ៏ជិតដិតរបស់លោក ហ៊ុន ម៉ាណែត ម្នាក់ធ្លាប់បង្ហើបឱ្យដឹងថា បន្ទាប់ពីត្រលប់ពីការសិក្សាវិញ លោក ម៉ាណែត បានសង្កេតឃើញថា ក្រសួងការពារជាតិកម្ពុជា មិនទាន់មាន អង្គភាពប្រឆាំងភេរវកម្មទេ ខណៈបណ្តាប្រទេសលើសកលលោក ជាពិសេសប្រទេសជាសមាជិកអាស៊ាន មានទាំងអស់។ លោក ហ៊ុន ម៉ាណែត បានលើកយកចំណុចខ្វះខាតនេះ ទៅបង្ហាញ និងពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បីពិចារណា ហើយទីបំផុត អង្គភាពប្រឆាំងភេរវកម្ម ក៏បានបង្កើតឡើង។ អង្គភាពនេះ ធ្វើការសំខាន់ផ្តោតលើការទប់ស្កាត់អំពើភេរវកម្មនានានៅក្នុងប្រទេស ជាពិសេសអំពើភេរវកម្មឆ្លងដែន ភេរវកម្មលើលំហសមុទ្រ។

លោក ពៅ សុខ បានអធិប្បាយគូសបញ្ជាក់ថា គុណសម្បត្តិទាំងនេះ លោក ម៉ាណែត មិនដែលលើកឡើងឡើយ ហើយក៏ហាមមិនឱ្យគេនិយាយដែរ ព្រោះបារម្ភថា នឹងធ្វើឱ្យប៉ះពាល់ទៅដល់អារម្មណ៍របស់អ្នកដទៃ ដែលបម្រើការងារជាយូរមកហើយនៅក្រសួងការពារជាតិ។ នៅពេលខ្លះ រាល់ការគិត និងការសម្រេចចិត្តរបស់លោក ធ្វើឱ្យលោកជួបការលំបាក និងស្មុគស្មាញខ្លាំង ព្រោះបើលោកធ្វើតឹង ឬតតាំងខ្លាំងចំពោះកិច្ចការអ្វីមួយ គេនឹងយល់ថា លោកអាចយក ឬអាងលើឥទ្ធិពលរបស់ឪពុកមកគំរាមកំហែង។ ប៉ុន្តែ ប្រសិនបើលោកមិនធ្វើអ្វីសោះ នោះគឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់សង្គមជាតិ។ នៅពេលខ្លះ ដោយសារស្មុគស្មាញខ្លាំងពេក លោកបានត្រឹមតែឈរច្រត់ចង្កេះ យកដៃកាន់ចម្រឹងបង្អួច មើលទៅឆ្ងាយ រួចពោលពាក្យថា What Can I Do? តើខ្ញុំអាចធ្វើអ្វីបាន? ដូច្នេះ គ្រប់កិច្ចការទាក់ទងនឹងការសម្រេចចិត្ត ឬធ្វើអ្វីមួយ ពេលខ្លះលោកតែងតែថ្លឹងថ្លែងវែងឆ្ងាយ ដោយយោគយល់ទៅដល់អតីតមន្រ្តីមួយចំនួន ដែលមាននិន្នាការតស៊ូបម្រើជាតិជាយូរមកហើយ ទោះពួកគេមិនសូវមានចំណេះដឹងក៏ដោយ។ លោកមិនចង់ឮពាក្យថា ពេលស្រុកមានសង្រ្គាមរកអ្នកក្លាហាន ពេលស្រុកសាន្តត្រាណ រកអ្នកចេះដឹងនោះទេ។ ប៉ុន្តែ ទោះយ៉ាងណា មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា លោកក៏នៅតែអាចរួមចំណែក ក្នុងការធ្វើកំណែទម្រង់វិស័យយោធាបានជាបណ្តើរៗខ្លះដែរ តាមរយៈការជ្រើសរើសសិក្ខាកាម ឬនិស្សិតកងទ័ព និងការដំឡើងឋានន្តរស័ក្តិ ឬឋានៈតួនាទី។

ដោយសារគុណសម្បត្តិ នៃសមត្ថភាព ដ៏មហាគាប់ប្រសើរនេះហើយ ទើបលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលបាននូវការតែងតាំង និងដំឡើងតួនាទីជាបន្តបន្ទាប់។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតែងតាំងតួនាទីជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោកដល់លោក ហ៊ុនម៉ាណែត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលអំឡុងពេលនេះ លោកទើបតែទទួលបានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) បន្ទាប់ពីលោកបញ្ចប់ការសិក្សាផ្នែកយោធានៅសហរដ្ឋអាម៉េរិករយៈពេ ល១១ឆ្នាំ ខណៈកាលពីខែមករា ឆ្នាំ២០០៩ លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរស័ក្តិ ពីវរៈសេនីយ៍ឯក (ស័ក្តិ ៥ )ទៅជាឧត្តមសេនីយ៍ត្រី (ផ្កាយមួយ)។ ៤ថ្ងៃក្រោយមក គឺថ្ងៃទី០៣ខែធ្នូ ឆ្នាំ ២០១០ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ពីឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ(ផ្កាយ២)។ ពិធីបំពាក់ឋានន្តរសក្តិ និងការប្រកាសតែងតាំងតំណែង ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១ នៅទីស្តីការក្រសួងការពារជាតិ ដោយសម្តេច ពិជ័យសេនាទៀ បាញ់។ នៅអំឡុងពេលនោះ

លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត មានតួនាទីជាអគ្គមេបញ្ជាការរងកងអង្គរក្ស និងជាប្រធាននាយកដ្ឋានពិសេស ព្រមទាំងជាមេបញ្ជាការ នៃបញ្ជា ការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

ការតែងតាំង ឬដំឡើងឋានន្តរស័ក្តិដល់លោក ក៏ត្រូវអ្នកវិភាគ និងអ្នកនយោបាយខ្លះ រិះគន់ ចំពោះក្រសួងការពារជាតិ និងលោក ហ៊ុន ម៉ាណែត ជាពិសេសរិះគន់សម្តេច ហ៊ុន សែន ថា តែងតាំងកូនប្រុសខ្លួន ដើម្បីពង្រឹងអំណាច។ ជាការឆ្លើយតបសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ថា ការដំឡើងឋានន្តរស័ក្តិ ដល់ កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី មានលក្ខណៈពិសេសខុសគេ និងមានការពិបាក ជាងគេ ព្រោះតាមគោលការណ៍ ក្រសួងការពារជាតិ បានស្នើសុំដំឡើងនាន្តរស័ក្តិជូន លោក ម៉ាណែត យូរមកហើយ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឯកភាព ហើយសាមីខ្លួន គឺលោក ហ៊ុន ម៉ាណែត ក៏ប្រកែកមិនព្រមទទួលយកដែរ។ ការតែងតាំងលោក ម៉ាណែត មិន មែនដោយសារលោកជាកូនរបស់នាយករដ្ឋមន្រ្តីទេ ប៉ុន្តែ ដោយសារបទពិសោធ ដោយសារចំ ណេះដឹង ចំណេះធ្វើ ជំនាញ និងសមត្ថភាពផ្ទាល់ខ្លួន។ ប៉ុន្តែ អ្នកដែលគ្មានសមត្ថភាព គ្មានចំ ណេះដឹង នឹងមិនត្រូវទទួលបានការដំឡើង ឬតែងតាំងតួនាទីបន្ថែមទៀតទេ។

នៅឆ្នាំ២០១៣ ចុះថ្ងៃទី១២ ខែមិថុនា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក(ផ្កាយបី) ហើយ ប្អូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានិត ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិពីវរៈសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី(ផ្កាយមួយ)ដែរ។ គេចាំថា ការដំឡើង ឋានន្តរស័ក្តិ និងតួនាទីនេះ គឺស្របគ្នានឹងពេលវេលា ដែលកម្ពុជា កំពុងប្រឈមមុខដាក់គ្នាជាមួយថៃ នៅតំបន់ព្រំដែន ប្រាសាទព្រះវិហារ ប្រាសាទតាមន្ត ប្រាសាទតាក្របី និងច្រកទ្វារព្រំដែនថ្មដូន។

នៅឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ត្រូវបានក្រសួងការពារជាតិប្រគល់តំណែងសំខាន់ៗ ចំនួ ន៣បន្ថែមទៀត ក្នុងនោះមានតំណែង ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជា នាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី ជំនួសនាយឧត្តមសេនីយ៍ សៅ សុខា នាយកឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ មាស សុភា ដែលអ្នកទាំងពីរ ត្រូវឈរឈ្មោះជាតំណាងរាស្រ្ត ឯលោក សៅ សុខា ត្រូវជំនួសនាយឧត្តមសេនីយ៍ ប៉ុ ល សារឿន ដែលទៅឈរឈ្មោះជាតំណាងរាស្រ្តដែរ។

គួររម្លឹកថា  អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត៕