មន្ត្រីកសិកម្មជំរុញកសិករផលិតស្រូវសេរីរាង្គខណៈក្តីបារម្ភខ្លាចវៀតណាមបិទមិនឱ្យនាំចូលពេលណាមួយ!

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក តូច ប៊ុនហួរ ក្រៅពីមានមោទនភាពទៅលើខេត្តតាកែវដែលអាចនាំចេញស្រូវដោយផ្ទាល់ទៅប្រទេសវៀតណាម ក៏បានជំរុញលើកទឹកដល់ប្រជាកសិករឱ្យមានការគិតគូរងាកមករកផលិតស្រូវសេរីរាង្គដែលមានទីផ្សារល្អដូចទៅនិងប្រជាកសិករនៅក្នុងខេត្តព្រះវិហារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីចែកពូជស្រូវដល់ប្រជាកសិករនៅក្នុងឃុំសំបួរ និងឃុំស្រង៉ែ ស្ថិតនៅក្នុងខេត្តតាកែវ កាលថ្ងៃទី២កុម្ភៈកន្លងទៅនេះ លោកតូច ប៊ុនហួរ បានឱ្យថា យើងមានមោទនភាពបំផុតសម្រាប់ខេត្តតាកែវនេះគឺជាច្រកសំខាន់នាំស្រូវចេញទៅប្រទេសវៀតណាម ទោះបីយើងមិនមានកែច្នៃដោយខ្លួនឯងក៏ដោយក៏អាចនាំស្រូវរបស់យើងចេញបានដែរ ដោយសារក្នុងរយៈពេល១០ឆ្នាំ​ចុងក្រោយនេះយើងសល់ស្រូវច្រើន។

បើតាមលោករដ្ឋលេខាធិការក្រសួងកសិកម្ម ការនាំចេញស្រូវទៅវៀតណាម កាលឆ្នាំ២០២២កន្លងទៅតាមរយៈខេត្តតាកែវមានជាង១,១លានតោន។ តែទោះជាយ៉ាងនេះក្តីលោកហាក់មានការព្រួយបារម្ភខ្លាចខាងភាគីវៀតណាមបិទច្រកព្រំដែលមិនឱ្យមានការនាំចូលនៅពេលចៃដន្យណាមួយ។

លោកមានប្រសាសន៍ថា«អ្វីដែលខ្ញុំបារម្ភបំផុតនោះបើសិនជាខាងភាគីវៀតណាមបិទមិនឱ្យនាំចូលតើយើងត្រូវយ៉ាងដូចម្តេច? ទីផ្សារស្រូវយើងសង្ឃឹមតែបងប្អូនយើងនៅខាងកើត។ប្រសិនជាចៃដន្យគាត់ខឹងតែរឿងអីបិទមិនឱ្យនាំចូលវានិងទៅជាយ៉ាងណា។ ដូចនេះគួរមានការពិចារណា បែរមកផលិតស្រូវសេរីរាង្គខ្លះវិញដើម្បីគិតគូរទៅដល់ទីផ្សារនាំចេញទៅក្រៅប្រទេសជាអង្ករវិញ»។

«ខ្ញុំមើលឃើញប្រជាពលរដ្ឋនៅខាងខេត្តតាកែវនេះអត់មានផលិតស្រូវសេរីរាង្គទេ មានការផលិតស្រូវដោយប្រើថ្នាំនិងជីគីមីច្រើន។បច្ចុប្បន្ននេះក្រសួងកសិកម្មបានជ្រើសរើសយកខេត្តព្រះវិហារមួយធ្វើជាខេត្តគំរូផលិតស្រូវសេរីរាង្គ»។ លោកបន្ថែម។

លោកអះអាងថា អង្ករដែលជាប់ចំណាត់ថ្នាក់លេខ១ថ្មីៗដែលប្រកួតប្រជែងនៅក្នុងប្រទេសថៃគឺអង្ករផ្ការំដួលដែលចេញពីខេត្តព្រះវិហារនេះគឺយើងស្ទូងសំណាបមិនមែនយើងព្រោះទេ ហើយអត់ប្រើជីនិងអត់ប្រើថ្នាំគីមីទេ តែទិន្នផលទាបដោយក្នុងមួយហិកតាបានស្រូវ២ទៅ៣តោន។ប៉ុន្តែតម្លៃស្រូវប្រភេទនេះថ្លៃ១៣០០ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម។

លោកលើកឡើងថា បើកសិករធ្វើស្រូវធម្មតាប្រើជីនិងថ្នាំគីមីក្នុងមួយហិកតាទទួលបានទិន្នផល៦ឬ៧តោន ប៉ុន្តែក្នុងមួយគីឡូក្រាមបានថ្លៃតែ៨០០ឬ៩០០រៀលតែបើធ្វើស្រូវសេរីរាង្គវាមានទីផ្សារជាង ដូចនេះប្រជាពលរដ្ឋគួរពិចារណា។

លោក បណ្ឌិត គីសេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ចំពោះការលើកឡើងរបស់ក្រសួងកសិកម្មនេះ ខ្ញុំនៅតែយល់ថាវាមិនអាចទៅរួចប្រសិនបើមិនមានកិច្ចសន្យាកសិកម្មឬContract Farming ព្រោះកសិករគាត់មិនអាចជឿទុកចិត្តទៅលើការធ្វើដំណាំសេរីរាង្គហើយយើងយកទៅលក់បានថ្លៃនោះវាអាស្រ័យលើទីផ្សារ។ អីចឹងកសិករតែងតែរាង។នេះយើងនិយាយអំពីអ្វីដែលយើងបានមើលឃើញនៅពេលកន្លងមក។

លោកបណ្ឌិតសង្កត់ធ្ងន់ថា«ដូចនេះក្រសួងកសិកម្មឬរាជរដ្ឋាភិបាលគួរតែមានសកម្មភាពអ្វីបន្ថែមដើម្បីគាំទ្រទៅដល់ការលើកគំនិតនេះឡើង។ ខ្ញុំមិនមែនមានន័យថា គំនិតនេះខុសទេ ប៉ុន្តែខ្ញុំគ្រាន់តែថាអាចនិងមានហានិភ័យនៅពេលប្រជាពលរដ្ឋមិនចូលរួមជាមួយយើងក៏ថាបាន។ ដូច្នេះហើយគួរតែមានសកម្មភាពណាមួយបន្ថែមដើម្បីធានាថាស្រូវគាត់អាចនិងលក់បានថ្លៃមែនហើយមានការទទួលទិញពិតប្រាកដមែន ទើបអាចជួយឱ្យកសិករនឹងយកចិត្តទុកដាក់ដាំដុះ។ បើសិនបានជួយឱ្យទីផ្សារនិងថ្លៃខ្ពស់ពិតមែននោះមិនចាំបាច់ជំរុញទេកសិករនិងងាកមកដំាដោយខ្លួនឯង»។

សម្រាប់ តូច ប៊ុនហួរ បានសង្កត់ធ្ងន់ថា«ខ្ញុំគិតថាបើសិនជាអាចប្រជាកសិករក្នុងខេត្តតាកែវគួរតែបង្វែរពីការផលិតស្រូវធម្មតាមកផលិតស្រូវសេរីរាង្គវិញ ដោយសារក្រសួងមានគោលនយោបាយកាត់បន្ថយថ្លៃដើមផលិត រក្សាតម្លៃទីផ្សារនិងមាននិរន្តរភាព ហើយ៣ចំណុចនេះយើងកំពុងយកចិត្តទុកដាក់បំផុតសម្រាប់ឆ្នំានេះក៏ដូចជានៅឆ្នំាបន្ទាប់ទៀត»៕ អត្ថបទ៖សារេត