ស្ថាបនិកក្រុមហ៊ុន VIPASSA និងវាគ្មិនល្បីៗ ចែករំលែកពុទ្ធិដល់អ្នកមិនទាន់ចេះកំណត់គោលដៅជីវិត រយៈពេល ៥ម៉ោង

សង្គម​និង​សេដ្ឋកិច្ច

លោក នឹម ឈុន្នី ស្ថាបនិកក្រុមហ៊ុន VIPASSA រួមសហការជាមួយវាគ្មិន ៤អង្គ/រូប ទៀត សហការគ្នារៀបចំសិក្ខាសាលាប្រចាំឆ្នាំ ក្រោមប្រធានបទ «របៀបសរសេរគោលដៅជីវិត (អធិដ្ឋានចិត្ត)» ដែលធ្វើឡើងនៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានអ្នកចូលរួមប្រមាណជិត ៣០០នាក់ កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះវាគ្មិន និងវាគ្មិនដែលនិមន្ត និងអញ្ជើញផ្តល់កិត្តិយស រួមមាន៖ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា, ភិក្ខុ កស្យប ហ៊ុន ខេមរា ទីប្រឹក្សាពុទ្ធមណ្ឌលវិបស្សនាធុរៈនៃកម្ពុជា,លោក នឹម ឈុន្នី ស្ថាបនិក ក្រុមហ៊ុន VIPASSA, លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia និងលោកស្រី អ៊ឹម វណ្ណឌី អគ្គនាយិកានៃហាងអលង្ការ CBVH ។

នៅក្នុងកម្មវិធីរយៈពេល ៥ម៉ោងនោះ ព្រះវាគ្មិន និងវាគ្មិនកិត្តិយស បានចែករំលែកពីបទពិសោធន៍ជីវិត និងគន្លឹះល្អនៅក្នុងការរៀបចំសរសេរគោលដៅជីវិត ការអនុវត្ត ព្រមទាំងកត្តាដែលជំរុញលើគោលដៅជីវិតផងដែរ។

នៅក្នុងអង្គសិក្ខាសាលានោះលោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានចែកករំលែងហេតុផល បីយ៉ាងក្នុងការសម្រេចគោលដៅ គឺទី១) ហិរញ្ញវត្ថុសមរម្យ ទី២) សុខភាពល្អ និងទី៣) អារម្មណ៍ល្អ។ ពាក់ព័ន្ធ នឹងកត្តាទាំងបីយ៉ាងនេះ លោកថា យើងអាចចាប់ផ្ដើមក្នុងវ័យណាក៏បាន ប៉ុន្តែបើបានកាន់តែឆាប់កាន់តែល្អ ព្រោះថា ការគិតត្រូវ ធ្វើត្រូវនឹងដើរលើគោលដៅចំ និងឆាប់បានទទួលជោគជ័យ។

ជាមួយគ្នានេះដែរ លោកស្រី អ៊ឹម វណ្ណឌី អគ្គនាយិកានៃហាងអលង្ការ CBVH បានចែករំលែកពីរបៀបសរសេរគោលដៅជីវិតឲ្យបានត្រឹមត្រូវ និងការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលជាកត្តាលីករជម្រុញឱ្យទទួលបានជោគជ័យ។ បើតាមលោកស្រី ការអនុវត្តផែនការឱ្យទទួលបានជោគជ័យត្រូវមានសកម្មភាពផ្ដោតទៅលើគោលដៅ ដូចជា កម្លាំងចិត្តកម្លាំងកាយ, ថាមពល, អារម្មណ៍ និងពេលវេលា។ យ៉ាងណាបើតាមបទពិសោធន៍នេះ លោកស្រីថា ដើម្បីទទួលបានលទ្ធផលល្អយើងត្រូវធ្វើសមាធិចិត្ត និងត្រូវសិក្សារៀនសូត្របន្ថែមទៀត។

កញ្ញា ហ៊ុយ ជីងម៉ា ដែលជាអ្នកចូលរួមសិក្ខាសាលាប្រចាំឆ្នាំ ក្រោមប្រធានបទ «របៀបសរសេរគោលដៅជីវិត (អធិដ្ឋានចិត្ត)» និងជាប្រធានផ្នែកលក់ក្នុងក្រុមហ៊ុនដឹងជញ្ជូនមួយនៅភ្នំពេញ ក៏បានលើកឡើងបង្ហាញពីគោលបំណងនៃការចូលរួមកម្មវិធីនេះថា ក៏ព្រោះតែកញ្ញាចង់ដឹងពីការកំណត់គោលដៅ ការធ្វើសមាធិចិត្ត និងការអនុវត្តដើម្បីទទួលលទ្ធផលល្អ។

កញ្ញាបញ្ជាក់ថា ជាលទ្ធផល ក្រោយពីចប់សិក្ខាសិលា កញ្ញាជីងម៉ា ទទួលបានមេរៀនជាច្រើន នឹងមានការតាំងចិត្តខ្ពស់ក្នុងការអនុវត្តគោលដៅរបស់ខ្លួនថែមទៀត។

សូមជម្រាបជូនថា សិក្ខាសាលាប្រចាំឆ្នាំ ក្រោមប្រធានបទ «របៀបសរសេរគោលដៅជីវិត (អធិដ្ឋានចិត្ត)» ត្រូវបានរៀបចំដោយ មូលនិធិធម្មឪសថ, ក្រុមហ៊ុន VIPASSA, ជាង ប៉ាក វណ្ណហុង ចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន FWD Insurance ព្រមទាំងសហការផ្សព្វផ្សាយព័ត៌មានដោយស្ថាប័នអនឡាញល្បីឈ្មោះចំនួន ២ គឺគេហទំព័រឧកញ៉ាញូស៍ និងសារព័ត៌មាន AMS ៕