ជប៉ុន រកឃើញថា សរសៃសូត្រខ្មែរមានជាតិប្រូតេអ៊ីនប្រកបដោយគុណភាព អាចផលិតជាគ្រឿងសម្អាងរក្សាផ្ទៃមុខឱ្យក្មេងជាងវ័យ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីបានសិក្សាអំពីសរសៃសូត្រខ្មែរ ក្រុមអ្នកវិនិយោគិនជប៉ុន បានរកឃើញថា សរសៃសូត្រខ្មែរមានសារជាតិប្រូតេអ៊ីនប្រកបដោយគុណភាព ដែលអាចយកទៅផលិតជាគ្រឿងសម្អាងរក្សាផ្ទៃមុខឱ្យក្មេងជាងវ័យ។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក Takahashi FUMIAKI ប្រធានសមាគមជប៉ុន-កម្ពុជា និងវិនិយោគិនជប៉ុននៅកម្ពុជា ជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា វិនិយោគិនជប៉ុនបានសិក្សាអំពីសរសៃសូត្រខ្មែរ ហើយរកឃើញថា សរសៃសូត្រខ្មែរមានសារជាតិប្រូតេអ៊ីនប្រកបដោយគុណភាព ដែលអាចយកទៅផលិតជាគ្រឿងសម្អាងរក្សាផ្ទៃមុខឱ្យក្មេងជាងវ័យ។

ឆ្លើយតបនឹងសំណើរបស់វិនិយោគិនជប៉ុន លោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយសម្រួលដំណើរការរៀបចំវិញ្ញាបនបត្រជូនភាគីជប៉ុន ដើម្បីបញ្ជាក់ពីប្រភពនៃដង្កូវនាងនិងសរសៃសូត្រឱ្យបានលឿនតាមដែលអាចធ្វើទៅបានផងដែរ។

នាឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ ក៏បានបញ្ជាក់ឱ្យដឹងដែរថា នៅក្នុងវិស័យវារីវប្បកម្ម វិនិយោគិនជប៉ុន បានបោះទុនចិញ្ចឹមត្រីទីឡាព្យា ស្របតាមស្តង់ដារបស់ជប៉ុន ដែលធ្វើឱ្យសាច់ត្រីមានគុណភាពខ្ពស់ និងអាចបរិភោគឆៅបាន។ សព្វថ្ងៃ ត្រីទីឡាព្យាដែលក្រុមហ៊ុននេះចិញ្ចឹម កំពុងតែចរាចរយ៉ាងមមាញឹកលើទីផ្សារកម្ពុជា និងកំពុងតែឈានទៅពង្រីកការចិញ្ចឹមបន្ថែមដើម្បីនាំចេញទៅកាន់ទីផ្សារបរទេសថែមទៀត។

គួរបញ្ជាក់ដែរថា ក្រសួងកសិកម្ម បានចាត់ទុកដែរថា ការវិនិយោគផ្ទាល់របស់អ្នកវិនិយោគជប៉ុននៅកម្ពុជា គឺជាគំរូមួយដ៏ប្រសើរសម្រាប់អ្នកវិនិយោគបរទេសដទៃទៀត ខណៈក្រសួងនឹងនៅតែបន្តលើកទឹកចិត្តចំពោះការវិនិយោគដោយផ្ទាល់ដូច្នេះ ដើម្បីការរីកចម្រើនក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់ស្ទុះខ្លាំង៕ អត្ថបទ៖ ពិសី